
តាកែវ៖ ការជួយនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកបាទី ខេត្តតាកែវ សម្រេចលទ្ធផល ១០០% ខណៈ ច្រូតកាត់ប្រមូលផលបានប្រមាណ ៩៥% នៅសល់ប្រមាណ ៥%ទៀត កំពុងច្រូតកាត់បន្ត។ ទន្ទឹមនឹងនេះ ទឹកក្នុងអាងទឹកទន្លេបាទី និងតាមប្រឡាយហនុមាននៅសល់អាចធានាការប្រើប្រាស់រហូតដល់ខែ៧ ខែ៨ ខាងមុខនេះ។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលសម្រេចលទ្ធផល ១០០% ក្នុងស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

បើតាម លោក ថោ ជេដ្ឋា នៅស្រុកបាទី ផែនការឆ្នាំ២០២៥ ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ប៉ុន្តែ ការអនុវត្តធ្វើស្រែប្រាំងមានប្រមាណ ៥ពាន់ហិកតា ខណៈ ប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។

លោក បានបន្តថា កិច្ចអន្តរាគមន៍នាំទឹកសង្គ្រោះ បានសម្រេចលទ្ធផល ១០០% ហើយស្រូវប្រាំងរបស់ប្រជាកសិករក៏បានច្រូតកាត់ប្រមូលផលបានប្រមាណ ៩៥% នៅសល់ប្រមាណ ៥%ទៀត កំពុងច្រូតកាត់បន្ត។ ទន្ទឹមនឹងនេះ ទឹកក្នុងអាងទឹកទន្លេបាទី និងតាមប្រឡាយហនុមាននៅសល់អាចធានាការប្រើប្រាស់រហូតដល់ខែ៧ ខែ៨ ខាងមុខនេះ។

តបតាមអនុសាសន៍ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានណែនាំឱ្យក្រសួងយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្រោមការសម្របសម្រួលពី លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ តាមការលើកឡើង លោក ថោ ជេដ្ឋា។

លោក បានលើកឡើងបន្តថា ដោយមានសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបើកទ្វារទឹកទំនប់អាងទឹកតាសាល ដើម្បីបញ្ជូនទឹកតាមស្ទឹងព្រែកត្នោត ចម្ងាយប្រមាណជាង ២០០គីឡូម៉ែត្រ ឆ្លងតាមប្រឡាយ៧៨ ចូលក្នុងអាងទឹកទន្លេបាទី។

លោករដ្ឋមន្រ្តី បានបន្តទៀតថា ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដោយឆ្លងកាត់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដើម្បីយកទៅជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមមុខនឹងការខ្វះខាតទឹក ក្នុងឃុំចំនួន៨ នៃស្រុកបាទី មានឃុំក្រាំងធ្នង់ កណ្តឹង ចំប៉ី ត្រពាំងសាប ចំបក់ ពារាម ពត់សរ និងឃុំត្នោត និងបណ្តាស្រុកមួយចំនួនទៀតរបស់ខេត្តតាកែវ៕





ដោយ៖ មឿន ឌីណា (Moeun Dyna)