
ភ្នំពេញ៖ អ្នកជំនាញមកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានមកកម្ពុជាបានជួបដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំក្រសួងដឹកជញ្ជូន និងក្រសួងរៀបចំដែនដីន នាដើមខែមីនាឆ្នាំ២០២៥នេះ ដើម្បីសិក្សាលើគម្រោងផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ។
បេសកកម្មរបស់អ្នកជំនាញមកពិនិត្យលើគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដីនៅភ្នំពេញ គឺជាការអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង ប្រទេសចិន។
កិច្ចប្រជុំលើកទី១ ក្រុមការងាររៀបចំនិងអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដីនេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលនៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តា ផ្លូវ របៀងធំៗនៅភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយ ចំណតឡានក្រុង ស្ថានីយរថភ្លើងភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវសំរាំងនិងខ្សែផ្លូវអាទិភាពសម្រាប់សិក្សាសមិទ្ធិលទ្ធភាព ហើយនិងពិនិត្យលទ្ធភាពក្នុងការសាងសង់បណ្តាញដឹកជញ្ជូនសាធារណនៅរាជធានីភ្នំពេញ។
តាមរបាយការណ៍សិក្សា ដែលក្រសួងដឹកជញ្ជូន បានផ្សព្វផ្សាយកន្លងមកបានឱ្យដឹងថា ក្នុងរាជធានីភ្នំពេញគ្រោងឱ្យមានផ្លូវរថភ្លើងក្រោមដីចំនួន ៤ខ្សែ ដែលខ្សែផ្លូវនីមួយៗមានប្រវែងពី ១៦គីឡូម៉ែត្រ ទៅ ២៩គីឡូម៉ែត្រ។
គម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោនេះ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោង ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីភ្នំពេញដោយមាន លោក ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន។
យោងតាមលទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជាឆ្នាំ២០២៤ បានឱ្យដឹងថា កំណើនប្រជាពលរដ្ឋបានឡើងដល់ជាង ១៧លាន២៨ម៉ឺននាក់ ខណ: ភ្នំពេញបានកើនដល់ជាង ២លាន៣៥ម៉ឺននាក់ ពោលគឺស្មើ ១៣,៦%។
តាមរបាយការណ៍របស់ក្រសួងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងនេះមានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសចំនួន ៤១៣ ០៦៧គ្រឿង ក្នុងនោះ ម៉ូតូ ៣៥៣ ៦០៣គ្រឿង យានយន្តធុនស្រាល ៥៤ ៦៩២គ្រឿង និងយានយន្តធុនធ្ងន់ ៥ ៨៤១គ្រឿង។
គួរបញ្ជាក់ថា ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សម្រួលការធ្វើដំណើរគ្រាដែលចរាចរណ៍ក្នុងរាជធានីភ្នំពេញកាន់តែកកស្ទះ ដោយសារកំណើនប្រជាពលរដ្ឋ និងយានយន្ត៕
ប្រភព៖ ក្រសួងព័ត៌មាន
ដោយ៖ មឿន ឌីណា (Moeun Dyna)