Register Already an agent ? Login

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះសម្រេចបានជិត៩០% ដាក់ឱ្យឆ្លងបណ្តោះអាសន្ន ខែកញ្ញា ឆ្នាំ២០២៥

ក្រចេះ៖ គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤%។ បបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តាមការគ្រោងទុកបើគ្មានការប្រែប្រួលទេ ស្ពានឆ្លងអាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

តាមការចុះពិនិត្យនេះ មានការចូលរួមពី អនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអានផងដែរ។

ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។ តាមការបញ្ជាក់ លោក លឹម ស៊ីដេនីន។

នាឱកាសនោះ នាយកគម្រោង បានណែនាំក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារឱ្យបានច្បាស់លាស់ និងមានគ្រឿងចក្រគ្រប់គ្រាន់ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។  

បើតាម នាយកគម្រោង នឹងរៀបចំផែនការដើម្បីអញ្ជើញ ប៉េង ពោធិ៍នា មកពិនិត្យការដ្ឋាននៅក្នុងកំឡុងខែឧសភា ឆ្នាំ២០២៥ មុននឹងស្នើសុំ សម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមឈ្មោះស្ពាន និងជាអធិបតីក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ នៅពេលវេលាសមរម្យណាមួយ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តទៅ។

គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤% ខណៈ គម្រោងទាំងមូល រួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងមានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៦២,១០%។

តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)