Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិជិត ១០ពាន់លានដុល្លារ កើនឡើង ១៦% ២ខែដើមឆ្នាំ២០២៥

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានប្រមាណ ៩.៤៤ពាន់លានដុល្លារ កើនឡើង ១៦.៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ បើតាមរបាយ​ការណ៍​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

កម្ពុជា បាននាំ​ចេញទំនិញទៅបរទេសក្នុងតម្លៃ ៤ ៤៦០លានដុល្លារ កើន ១១.៩% ​ខណៈការនាំចូលមកវិញចំនួន ៤ ៩៨៧លានដុល្លាររ កើន ២០.៦% ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមការរបាយការណ៍ខាងលើ។

ជាទីផ្សារធំ​សម្រាប់ការនាំចេញរបស់កម្ពុជា សហរដ្ឋ​អាមេរិក មានទំហំ​នាំចេញចំនួន ១,៦២៦លានដុល្លារ និងវៀតណាមទំហំនាំ​ចេញ ៦៤៨លានដុល្លារ។ ខណៈ ប្រទេសចិន ក៏ជាអ្នកនាំចូល​ដ៏ធំបំផុត​របស់កម្ពុជា ជាមួយនឹងទឹកប្រាក់ចំនួន ២,៤៤៤លានដុល្លារ កើន ២៤%។ តាមការបញ្ជាក់ ក្នុងរបាយការណ៍ដដែល។

គួរបញ្ជាក់ថា ផលិតផលនាំចេញសំខាន់របស់កម្ពុជារួមមាន៖ ​សម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិត​ផលស្បែកជើង គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេង​លេង និងវាយនភណ្ឌ។

​បើតាម ធនាគារជាតិនៃកម្ពុជា បានព្យាករថាឆ្នាំ២០២៥នេះកំណើន​សេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងអត្រា ៦.២% ដោយ​សារតែកំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ គួបផ្សំនឹងការរីក​ចម្រើនជា​វិជ្ជមាននៃវិស័យទេសចរណ៍ និងកសិកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)