
ភ្នំពេញ៖ ក្នុងរយៈពេល ២ខែដំបូង ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួនជាង ១៣៥ពាន់តោន គិតជាទឹកប្រាក់មានចំនួន ១០៦លានដុល្លារ ខណៈ ស្រូវនាំចេញចំនួន ១ ៣៩២ ១១៥តោន គិតជាទឹកប្រាក់មានចំនួន ៣១៣.២២លានដុល្លារ។ បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។
ការនាំចេញអង្ករចំនួន ១៣៥ ០៧៤តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករ ៤៤ក្រុមហ៊ុន ទៅកាន់គោលដៅ ៥១ ក្នុងនោះ ប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បរិមាណអង្ករចំនួន ៧៣ ០៤៨តោន គិតជាទឹកប្រាក់ ៥៨.៥៣លានដុល្លារ។
ប្រទេសចិន និងហុងកុងចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់ចំនួន ១០.៤៧លានដុល្លារ, ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេស បរិមាណចំនួន ២៣ ២៩៧តោន គិតជាទឹកប្រាក់ចំនួន ១៦.៦៦លានដុល្លារ។
ជាមួយគ្នានេះ ទៅកាន់គោលដៅ ២០ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បរិមាណចំនួន ២២ ២២៩តោន គិតជាទឹកប្រាក់ចំនួន ១៩.៨៧លានដុល្លារ។
តាមការបញ្ជាក់ សហព័ន្ធស្រូវអង្ករកម្ពុជា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨៦.០៣% ប្រភេទអង្ករស ធម្មតា ៨.៦៥% អង្ករចំហ៊ុយ ២.៩៩% អង្ករសរីរាង្គចំនួន ១.៨៧% និងអង្ករផ្សេងៗចំនួន ០.៤៦%។
ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ១ ៣៩២ ១១៥តោន ស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៣១៣.២២លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)