
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងលើកកម្ពស់តម្លៃអចលនទ្រព្យនៅតំបន់ជុំវិញ។

ស្ពានអាកាស «មរតកតេជោ» រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ខាងមុខនេះ។ បើតាម លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែល Fresh news បានស្រង់សំដី។

បើតាមលោកស្រី ដោ សម្ផស្ស បានបន្តថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅលេងស្រុកកំណើយ និងដើម្បីដោះស្រាយការកកស្ទះចរាចរ នៅទីតាំងនោះផងដែរ មុននឹងសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវការ។

គួររម្លឹកផងដែរថា ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននូវលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះតេជោអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ៕


ដោយ៖ មឿន ឌីណា (Moeun Dyna)