
ភ្នំពេញ៖ គម្រោងវិនិយោគក្នុង ខែកុម្ភៈ ឆ្នាំ២០២៥ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបចំនួន ៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ ខេត្តទទួលបានច្រើនជាងគេ ស្វាយរៀង តាមពីក្រោយកំពង់ស្ពឺ បន្ទាប់មក ភ្នំពេញ-កោះកុង។
គម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។
តាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខេត្តស្វាយរៀងទទួលបាន ១១គម្រោង ខេត្តតាមពីក្រោយគឺខេត្តកំពង់ស្ពឺទទួលបាន៨ ហើយភ្នំពេញ និងខេត្តកោះកុងទទួលបាន ៦គម្រោងដូចគ្នា ចំណែកខេត្តព្រះសីហនុទទួលបាន ៤គម្រោង ស្របពេលដែលខេត្តកណ្ដាលនិងខេត្តតាកែវទទួលបាន ៣គម្រោងដូចគ្នា ខណៈខេត្តជាប់ភ្នំពេញគឺកំពុងឆ្នាំងទទួលបាន ២គម្រោង ប៉ុន្តែខេតត្តកំពតក៏ទទួលបាន ១គម្រោងនឹងគេផងដែរ។
គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារ ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។ ចំនួនគម្រោង វិនិយោគមានការកើនឡើងរហូតដល់ទៅ ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
សូមបញ្ជាក់បន្ថែមថា ទុនវិនិយោគតាមវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន ៣៣លានដុល្លារ និង វិស័យឧស្សាហកម្មមានចំនួន ២៨៨លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)