Register Already an agent ? Login

គម្រោងវិនិយោគចំនួន ៧គម្រោង ទុនប្រមាណ ២៤៨លានដុល្លារ CDC បើកកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជី

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២៤៨លានដុល្លារ អាចបង្កើតការងារបានចំនួន ២,៦ពាន់កន្លែង។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំខាងលើ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

កិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៤ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង (ផលិតថ្មម៉ាប, ផលិតពិល, កែច្នៃស្បែក, និងផលិតប្រដាប់ប្រដារនិងគ្រឿងសង្ហារិមក្មេង)។

ជាមួយគ្នានេះ ក៏មានវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៣គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ២០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣០០មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួត)។

គួរបញ្ជាក់ឱ្យដឹងផងដែរថា គម្រោងវិនិយោគទាំង៧នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)