
ភ្នំពេញ៖ គម្រោងវិនិយោគក្នុងខែកុម្ភៈ ឆ្នាំ២០២៥ សរុបចំនួន ៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ វិនិយោគិនចិនលេខរៀងទី១ សិង្ហបុរីទី២ អូស្ត្រាលីទី៣ ខណៈ អង់គ្លេសទី៤។ បើតាមការសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រភពទុនវិនិយោគឈានមុខ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ សរុបចំនួន ៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ វិនិយោគិនចិនបានឈរលើគេ ៨៦,៧៥% តាមពីក្រោយ សិង្ហបុរី ១១,៩៧% នៅពីក្រោម អូស្ត្រាលី ០,៨០% ខណៈ អង់គ្លេស ០,៤៨%។
តាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគសរុបចំនួន ៤៤គម្រោង អាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង។
ក្នុងចំណោម គម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។
·ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖
-ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ទីតាំងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទុនវិនិយោគ ៣៣លានដុល្លារ។
-ឧស្សាហកម្ម គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុ ទីតាំងឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ទុនវិនិយោគ ៣១លានដុល្លារ។ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌ ទីតាំងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ១៨លានដុល្លារ។
គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ តម្បាញ និងផលិតស្រោមជើងគ្រប់ប្រភេទ ទីតាំងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ១៥,៤លានដុល្លារ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ទីតាំងឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ទុនវិនិយោគ ៨,៦លានដុល្លារ។ គម្រោងវិនិយោគបង្កើតរោចក្រផលិតផលិតផលគ្រោងសំណង់ពីលោហធាតុខ្នាតធំ ទីតាំងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ៨,៤លានដុល្លារ។
·ក្នុងតំបន់សេដ្ឋកិច្ចពិសេស៖
-ឧស្សាហកម្ម គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ និងសម្ភារៈប្រើប្រាស់ធ្វើពីលោហៈ និងប្លាស្ទិក ទីតាំង តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ទុនវិនិយោគ ២២លានដុល្លារ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម ទីតាំងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ទុនវិនិយោគ ១៦,៨លានដុល្លារ។
គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារ ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។ ចំនួនគម្រោង វិនិយោគមានការកើនឡើងរហូតដល់ទៅ ៤៣គម្រោង បើប្រៀបធៀបនឹងឆ្នាំ២០២៤៕
ដោយ៖ មឿន ឌីណា (Moeun Dyna)