Register Already an agent ? Login

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខាងលិចស្រុកកៀនស្វាយ និងខាងកើតស្រុកល្វាឯម វឌ្ឍនភាព៤,៣៤%

កណ្ដាល៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រភេទស្ពានបេតុង ប្រវែងស្ពាននិងផ្លូវក្បាលស្ពានសរុប ៣៧០០ ម៉ែត្រ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចបាន ៤,៣៤% គិតត្រឹមដំណាច់ឆ្នាំ២០២៤។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

គិតត្រឹមដំណាច់ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ីជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។

ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ២១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន ៤ខ្សែ ហើយគម្រោងស្ពាននេះដែរត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨៕

ដោយ៖ មឿន ឌីណា (Moeun Dyna)