ភ្នំពេញ៖ គិតត្រឹមឆ្នាំ ២០២៤ អាត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាននៅទូទាំងប្រទេសមានប្រមាណ ៨៧% ខណៈ អាត្រានៃការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេបាន ២១%។ ដោយឡែក អាត្រាគ្របដណ្តប់អនាម័យនៅទូទាំងប្រទេសមានប្រមាណ ៩២% ខណៈ អត្រាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេចបាន ៥១%។ យោងតាមបទអន្ដរាគមន៍របស់ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។
តាមបទអន្ដរាគមន៍របស់ លោក ជ្រាយ ប៉ុម បានបង្ហាញ នៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ ដែលដឹកនាំដោយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
បន្ទាប់ពីបានស្ដាប់វឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក លោក រដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃនាយកដ្ឋានទាំងពីរ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ចដែលក្រសួងប្រគល់ជូន។
លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យមានឥរិយាបថល្អ ក្នុងការរស់នៅ ប្រកបដោយអនាម័យល្អ បរិស្ថាបស្អាត និងផាសុកភាព។
ក្នុងឱកាសនោះផងដែរ លោក រដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះចំនួន ៧ចំណុច ដូចខាងក្រោម ៖
១-ជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យ ដោយចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងអំពីស្ថានភាពការប្រតិបត្តិអនាម័យ និងការផ្គត់ផ្គង់ទឹកតាមភូមិ និងខ្នងផ្ទះ ។
២-បន្តពង្រឹងយន្តការប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) អាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ដោយបន្ដបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ។
៣-ជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ចំនួន ៧ខេត្តបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ និងត្រូវធ្វើបុរេសកម្ម ដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
៤-ត្រូវធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ និងបណ្តុះបណ្តាលមន្ត្រីជំនាញ។
៥-ត្រូវរៀបចំផលិតវីដេអូអប់រំខ្លី ដើម្បីផ្សព្វផ្សាយអំពីការប្រតិបត្តិអនាម័យ និងការប្រើប្រាស់ទឹកស្អាត ។
៦-បន្ដកិច្ចសហប្រតិបត្តិការ និងគៀគរថបិកាដើម្បីពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទតាមរយៈដៃគូអភិវឌ្ឍន៍, NGOs វិស័យឯកជន និងសប្បុរសជនផងដែរ និងធ្វើលិខិតថ្លែងអំណរគុណ និងគ្រឿងឥស្សរិយយសជូនសប្បុរសជន និងអង្គការដៃគូ ។
៧-បន្ដរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយប្រកាន់យកនូវគោលការណ៍ រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)