Register Already an agent ? Login

លោក គួច ចំរើន បានចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ២ពាន់បណ្ណ ជូនប្រជាពលរដ្ឋ២ឃុំ ក្នុងស្រុកមុខកំពូល

កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០៥០បណ្ណ ជូន ប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធន ដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាការថ្លែង លោក គួច ចំរើន។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លោក បានគូសបញ្ជាក់ថា ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

អភិបាលខេត្តកណ្ដាល បានថ្លែងបន្តថា អនុវត្តតាមគោលនយោបាយគន្លឹះរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លីបង្ហើយ រដ្ឋបាលខេត្តកណ្តាល រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាលនឹងខិតខំប្រឹងប្រែង ដើម្បីជំរុញការចុះបញ្ជីដីទូទាំងខេត្តកណ្តាលឱ្យ បានចប់នៅឆ្នាំ២០២៥នេះ។

ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាការងារអាទិភាពចំពោះមុខ ដើម្បីធ្វើឱ្យវិវាទដីធ្លីកាន់តែកាត់បន្ថយ និងបង្រួមកាន់តែតូចទៅៗ ហើយនៅពេលដែលយើងបានចុះបញ្ជីដីធ្លីរួច ដីធ្លីរបស់យើងកាន់តែមានសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា។ ជាការថ្លែងបន្តទៀត អភិបាលខេត្តកណ្ដាល។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ឃុំ/សង្កាត់ និង៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ ក្បាលដី។

លោក បានបន្តថា ក្នុងនោះ ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៣៩០,០១០បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣០លើក ស្មើនឹង ៣១២,៧៨០បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិឫស្សីជ្រោយ ចំនួន ៥៤៩បណ្ណ និងភូមិជ្រោយមេត្រីក្រោម ចំនួន ៣២៨បណ្ណ ឃុំឫស្សីជ្រោយ និងភូមិក្រោម ចំនួន ១,១៧៣បណ្ណ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល សរុបចំនួន ២,០៥០បណ្ណ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)