ភ្នំពេញ៖ គម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបជាង១,២ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបជាង ១,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។
ក្នុងចំណោម គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងនៅកៅ្រតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះ រួមមាន៖
ក.ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១-គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ៨០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៨៣កន្លែង
២-គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែមជាង ១៩លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ១.០៥៣កន្លែង
៣-គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្តាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនទៅជាផលិតផលសម្រេច Bovine Collagen Peptide, Fish Collagen Peptide, Pea Protein Peptide, Rice Protein Peptide, Pea Protein ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែម ២៨លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ២០០កន្លែង
៤-គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រ កែច្នៃ ផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុក ដំណាក់បង្អើរ ខេត្តកែប ក្នុងទុនវិនិយោគ ជាង ២៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៧១កន្លែង។
ខ.ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិលដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ៨០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៧៥កន្លែង
២-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ-កិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៩៥៩កន្លែង
៣-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ស្ថិតនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគជាង ២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង
៤-គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុលដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងទុនវិនិយោគជាង ៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែសីហា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៨៤,៧២% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់៩,១២% នៃទុនវិនិយោគសរុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)