Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់កម្ពុជា ដឹកនាំគណៈប្រតិភូទៅចិន គៀងគរវិនិយោគិនមកបណ្ដាក់ទុន និងស្វែងយល់បទពិសោធន៍ បង្កើតតំបន់ពាណិជ្ជ

ភ្នំពេញ៖ លោក នាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងសៀមិន និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ គៀងគរវិនិយោគិនមកបណ្ដាក់ទុន និងស្វែងយល់បទពិសោធន៍ បង្កើតតំបន់ពាណិជ្ជ។

គណៈប្រតិភូកម្ពុជា ក្រោមកិច្ចដឹកនាំដោយផ្ទាល់ លោក ស៊ុន ចាន់ថុល បានទៅដល់ អាកាសយានដ្ឋានអន្តរជាតិ សៀមិន ហ្គាវឈី នៃទីក្រុងសៀមិន ចិន នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់អំពីបទពិសោធន៍នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន (ខេត្តហ្វូជៀន) (Xiamen Area of China (Fujian) Pilot Free Trade Zone - FJFTZ) ដោយមានការចែករំលែកពីលោកស្រី Weng Xiaolan អនុប្រធានគណៈកម្មាធិការរដ្ឋបាលក្រុងសៀមិន។

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលក្រុងសៀមិនបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍យ៉ាងក្បោះក្បាយលើកិច្ចការងារដែលចិនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ (Pilot Free Trade Zone) ពិសេសក្នុងក្របខណ្ឌរបស់ក្រុងសៀមិន អមដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីបម្រើឱ្យដំណើរការរបស់តំបន់ពាណិជ្ជកម្មប្រភេទនេះ។

បន្ទាប់ពីការចែករំលែកបទពិសោធន៍រួចរាល់ តំបន់ពាណិជ្ជកម្មសេរី FJFTZ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និតបន្ថែម ដើម្បីរួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា កាន់តែមានភាពសម្បូរបែប បង្កើនពិពិធកម្មសេដ្ឋកិច្ចសង្គមកម្ពុជា។

បន្ថែមលើទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាក៏បានឆ្លៀតឱកាសចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូក្រុងសៀមិន ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់ផែ និងគម្រោងព្រែកជីកហ្វូនណនតេជោ ជាដើម។

ក្នុងជំនួបនេះ ភាគីកម្ពុជាបានស្នើសុំឱ្យក្រុមហ៊ុន XMXYG ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួន ពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជា ផងដែរ។

គួរជម្រាបដែរថា តំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន (ខេត្តហ្វូជៀន) បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ មានវិសាលភាពលើផ្ទៃដីសរុបទំហំប្រមាណ ៤៣,៧៨គីឡូម៉ែត្រក្រឡា មានតួនាទីជាមជ្ឈមណ្ឌលនៃការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលធ្វើឱ្យខេត្តហ្វូជៀន ក៏ដូចជាប្រទេសចិនទាំងមូលកាន់បង្កភាពងាយស្រួលក្នុងការផ្សារភ្ជាប់ទៅកាន់ពិភពលោក។

នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រ លើកទី៦” (The 6th Silk Road Maritime International Cooperation Forum) ក្រោមប្រធានបទ៖ សន្ធានកម្មសេវាកម្មកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្ម តាមរយៈ “ផ្លូវសូត្រសមុទ្រ” ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនា ការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសនានាជុំវិញសកលលោក។ ក្នុងក្របខណ្ឌនេះ ក្រៅអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្ម កម្ពុជាមើលឃើញនូវឱកាសយ៉ាងច្រើនលើកិច្ចការងារវិនិយោគ ដែលរួមមានលើវិស័យជាអាទិ៍ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

កម្ពុជាជឿជាក់ថា តាមរយៈការបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរួមគ្នា នឹងអាចបើកឱកាសថ្មីសម្រាប់កំណើន និងការអភិវឌ្ឍន៍ដែលនឹងផ្តល់ផលប្រយោជន៍មិនត្រឹមសម្រាប់ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល និងលើសពីនេះ ឆ្ពោះទៅរកអនាគតនៃសន្តិភាព វិបុលភាព និងភាពជោគជ័យរួមគ្នា

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានអញ្ជើញទទួលទានអាហារ និងពិភាក្សាការងារជាមួយលោក Wei Keliang ប្រធានគណៈកម្មាធិការទីក្រុងសៀមិន នៃក្រុមប្រឹក្សាសភានយោបាយប្រជាជនចិន។ ក្នុងកិច្ចពិភាក្សាការងារនេះក៏បានការចូលរួមពី រដ្ឋបាលទីក្រុងសៀមិន និងវិនិយោគិនកម្ពុជា និងចិនចូលរួមជាច្រើនរូបផងដែរ។ 

ក្នុងឱកាសនេះ មិនត្រឹមតែមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារ រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំទាំងពីរ បានរៀបចំការផ្គូរផ្គងវិស័យឯកជនដែលមកពីសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនចិន ដើម្បីស្វែងយល់ពីគ្នាលើកិច្ចការងារវិនិយោគផងដែរ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ លោកប្រធានគណៈកម្មាធិការទីក្រុងសៀមិន ធ្លាប់បានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ម្ដងរួចមកហើយនៅរាជធានីភ្នំពេញ ដោយពេលនោះកិច្ចពិភាក្សាបានទទួលលទ្ធផលប្រកបដោយផ្លែផ្កា ក្រោមស្មារតីនឹងពង្រីកកិច្ចសហការរួមគ្នាផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពល្អៗរវាងគ្នា ការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free Trade Zone) ផងដែរ៕

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានអញ្ជើញឆ្លៀតពេលវេលាដើម្បីទទួលទានអាហារ និងពិភាក្សាការងារជាមួយលោកបណ្ឌិត Mohammed Al Zarooni ប្រធានអង្គការតំបន់សេរីពិភពលោក (World Free Zone Organization) និងជានាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចរួមបញ្ចូលឌូបៃ (Dubai Integrated Economic Zones) អមដោយលោកបណ្ឌិត James Zhan ប្រធានសម្ព័ន្ធសកលនៃតំបន់សេដ្ឋកិច្ចពិសេស និងលោក Juma Al Matrooshi នាយកប្រតិបត្តិក្រុមហ៊ុន Dubai Silicon Oasis និងគណៈប្រតិភូកម្ពុជា ដើម្បីពិភាក្សាលើរបៀបរបប និងភាពខុសប្លែកគ្នានៃការរៀបចំបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ព្រមទាំងវិធីសាស្ត្រផ្សេងៗដែលអាចធានាឱ្យការទាក់ទាញក្រុមហ៊ុននានាពិចារណាបណ្ដាក់ទុនវិនិយោគ ទាំងការរៀបចំបង្កើតតំបន់ FTZ និងការវិនិយោគក្នុងតំបន់ផ្ទាល់ សម្រាប់ជំរុញដំណើរការនៃតំបន់ពាណិជ្ជកម្មសេរី។

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធិបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន។

ពិធីបើកពិព័រណ៍នាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក He Lifeng ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់ចិន ឥស្សរជនជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក។

ព្រឹត្តិការណ៍ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះ មិនត្រឹមតែបង្ហាញអំពីសារៈសំខាន់នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការលើកកម្ពស់ឱកាសវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។

កិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនដែលជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច។ ក្នុងន័យនេះ លោក ស៊ុន ចាន់ថុល ជឿជាក់ថា តាមរយៈការវិនិយោគ កម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេស ទ្រទ្រង់លើភាពរីកចម្រើននៃធុរកិច្ចឧស្សាហកម្មដើម្បីកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការនាំមកនូវបច្ចេកវិទ្យាថ្មីៗដែលនឹងជួយសម្រួលដល់ការរស់នៅផងដែរ។

លោក ស៊ុន ចាន់ថុល បានបន្តថា ជាងនេះទៅទៀត តាមរយៈពាណិជ្ជកម្ម កម្ពុជាអាចចូលរួមផ្លាស់ប្ដូរកម្លាំងពលកម្ម ដែលអាចបង្កើតការងារ ការផ្លាស់ប្តូរជំនាញ ព្រមទាំងបង្កើនចំណងនៃការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិនានានៅលើសកលលោក។

ជាថ្មីម្ដងទៀតតាមរយៈពិព័រណ៍អន្តរជាតិ CIFIT នេះ លោក ស៊ុន ចាន់ថុល បានបង្ហាញគោលបំណងរបស់កម្ពុជា ដែលកំពុងស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

នារសៀលទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានអនុញ្ញាតជូនប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng  ចូលជួបពិសារអាហារ និងពិភាក្សាការងារ។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយដែលកំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត។ តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕