ក្រចេះ៖ គម្រោងស្ថាបនាផ្លូវចំនួន ២ខ្សែ ប្រភេទក្រាលកៅស៊ូពីរជាន់ DBST សរុបជិត ៦៤គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ បានរួចរាល់ ១០០% បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលថែទាំដើម្បីបញ្ចប់រយៈពេលធានាសុពលភាព។ បើតាម លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ការចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវរួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញផងដែរ។
ខ្សែទី១ មានប្រវែង ៦១.២៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ដល់ ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង។
ផ្លូវនេះ ត្រូវបានស្ថានជាពីរប្រភេទ ក្នុងនោះប្រភេទក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៦០.៦៥៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលប្រវែង ០,៥០ម៉ែត្រ ជាប្រភេទថ្មមិច និងប្រវែង ៥៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវមានប្រវែង ១ម៉ែត្រ ជាប្រភេទថ្មមិច។
ផ្លូវនេះ បានស្ថាបនារួចរាល់ ១០០% កាលពីខែមិថុនា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលថែទាំដើម្បីបញ្ចប់រយៈពេលធានាសុពលភាពរហូតដល់ ខែកក្កដា ឆ្នាំ២០២៥។
ខ្សែទី២ ប្រវែង ៣ ៨០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវក្រាលថ្មមិចមានប្រវែង ០,៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវខ្សែទី១ ត្រង់ចំណុចភូមិដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង បានស្ថាបនារួចរាល់ ១០០% កាលពីដើមឆ្នាំ២០១៤។
សូមបញ្ជាក់ផងដែរថា ផ្លូវទាំងពីរកំណាត់ខាងលើនេះតភ្ជាប់ពីទីរួមស្រុកឆ្លូង ខេត្តក្រចេះ ឆ្ពោះទៅកាន់ ស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់រដូវកាលក្នុងការទៅទៅទទួលសេវាសាធារណៈ ទេសចរណ៍ ដឹកជញ្ជូនទំនិញ កសិផលគ្រប់ប្រភេទ និងរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)