ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន ២៦តំបន់ ដោយបានស្របយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារ និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។ ជាការថ្លែង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
ការថ្លែងរបស់ លោក ជា វុទ្ធី ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស យូប៊ី ម៉ី ស្នួល នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
លោក អគ្គលេខាធិការគណៈ បានថ្លែងបន្តថា ជាលទ្ធផលខាងលើបានឡើងពីគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើ ពិពិធកម្មឧស្សាហកម្មកម្ពុជា។
លោក បន្តទៀតថា ដែលពេលនោះពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យ កាត់ដេរសម្លៀកបំពាក់និងស្បែកជើង សំដៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេក វិទ្យាទំនើប។
មួយវិញទៀត តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឱ្យកត់សម្គាល់ ដូចជា៖ ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មីមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ជាការបន្ថែម លោក ជា វុទ្ធី។
លោក បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Newbustar Group ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបណ្តាក់ទុនវិនិយោគដ៏ច្រើន សន្ធឹកសន្ធាប់រហូតដល់ទៅប្រមាណ ១៤០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួល ក្នុងទឹកដីនៃខេត្តក្រចេះនេះ។
តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបក កង់យានយន្ត មានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។ ជាការលើកឡើងបន្ត អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ការរីកចម្រើនជាបន្តបន្ទាប់នៃឧស្សាហកម្មផលិតសំបកកង់យានយន្តនៅកម្ពុជានេះ បានបង្ហាញឱ្យឃើញ យ៉ាងជាក់ច្បាស់អំពីការផ្តល់សេចក្តីទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)