ក្រចេះ៖ រោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ទុនវិយោគប្រមាណ ១៤០លានដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
ពិធីខាងលើ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ជា វុទ្ធី បានសម្តែងនូវសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរដល់ក្រុមហ៊ុន ដែលបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលនេះ។
លោក បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Newbustar Group ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបណ្តាក់ទុនវិនិយោគដ៏ច្រើន សន្ធឹកសន្ធាប់រហូតដល់ទៅប្រមាណ ១៤០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួល ក្នុងទឹកដីនៃខេត្តក្រចេះនេះ។
តាមការវិនិយោគនេះ សំដៅចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។ ជាការគូសបញ្ជាក់ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
អគ្គលេខាធិការ បានលើកឡើងនូវគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាក្នុងការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើពិពិធកម្មខុស្សាហកម្មកម្ពុជា។
ពេលនោះ ពឹងផ្អែកលើខុស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យ កាត់ដេរសម្លៀកបំពាក់និងស្បែកជើង សំដៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេក វិទ្យាទំនើប។ ជាការបន្ថែម លោក ជា វុទ្ធី។
លោក បានបន្ថែមទៀតថា ជាលទ្ធផលនៃគំនិតផ្តួចផ្តើមនេះ និងស្ថិរភាពនយោបាយបច្ចុប្បន្នកម្ពុជាមាន តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្របយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារ និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។
លោក បានលើកឡើងថា មួយវិញទៀត តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឱ្យកត់សម្គាល់ ដូចជា៖ ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មីមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។
តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបក កង់យានយន្ត មានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។ ជាការលើកឡើងបន្ត អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ការរីកចម្រើនជាបន្តបន្ទាប់នៃឧស្សាហកម្មផលិតសំបកកង់យានយន្តនៅកម្ពុជានេះ បានបង្ហាញឱ្យឃើញ យ៉ាងជាក់ច្បាស់អំពីការផ្តល់សេចក្តីទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)