Register Already an agent ? Login

ផ្លូវក្រវាត់ព្រំដែនជាង ២ពាន់គ.ម សល់ជាង១ពាន់គ.ម គ្រោងបញ្ចប់១០ឆ្នាំទៀត រដ្ឋាភិបាលទម្លាក់ថវិកាជាង ២០០លានដុល្លារ

ភ្នំពេញ៖ ផ្លូវក្រវាត់ព្រំដែនជាង ២,៦៦០គីឡូម៉ែត្រ បានធ្វើរួចប្រវែង ១,៣០០គីឡូម៉ែត្រ នៅសល់ ១,៣០០គីឡូម៉ែត្រទៀត គ្រោងបញ្ចប់ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ជាការបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កាលពីខែកក្កដាថ្មីៗនេះ បានចុះហត្ថលេខាផ្តល់ថវិកាជាង ២០០លានដុល្លារ។

ការថ្លែង សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងបន្តថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន។ សម្តេច បានប្រកាស់ថវិកាដែលមូលនិធិទទួលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់ មានថវិកាប្រមាណ១៩លានដុល្លារ។

បើតាម ប្រមុខរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងមួយថ្ងៃសាធារណជនចូលរួមមូលនិធិចន្លោះពី ១,៣០០០ ទៅ ១,៧០០០នាក់ និងបានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថវិកាក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

គួររម្លឹកថា កាលពីថ្ងៃទី៦ ខែសីហា សម្ដេចធិបតី បានបញ្ជាក់ថា ផ្លូវនៅតាមបន្ទាត់ខ្សែព្រំដែនត្រូវធ្វើផ្លូវពីរខ្សែ គឺផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវប្រើសម្រាប់ក្រវ៉ាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ។

សម្ដេចធិបតី បានបន្តថា ផ្លូវខ្សែទី១ គឺផ្លូវសេដ្ឋកិច្ច ធ្វើនៅខាងក្នុងអាចចំងាយ១គីឡូម៉ែត្រ ២គីឡូម៉ែត្រ ឬ ៤គីឡូម៉ែត្រពីខ្សែព្រំដែន ខណៈ ផ្លូវខ្សែទី២ គឺផ្លូវក្រវ៉ាត់ព្រំដែន ដែលធ្វើកៀកខ្លាំងនឹងព្រំដែន កន្លែងខ្លះមានចម្ងាយត្រឹម១០ ទៅ ៣០ម៉ែត្រ ពីបង្គោលព្រំដែនប៉ុណ្ណោះ។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារបង្ហាញអំពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានស្ថាបនាផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាងបានជិត ១៥០០គីឡូម៉ែត្រ។

សម្ដេចធិបតី បានបន្តថា ជាមួយប្រទេសវៀតណាមចន្លោះពីឆ្នាំ២០១៧-ឆ្នាំ២០២២ បានស្ថាបនាផ្លូវបានប្រវែង ៦៨៥គីឡូម៉ែត្រ លើផែនការសរុប ១០៦៩គីឡូម៉ែត្រ, ជាមួយថៃពីឆ្នាំ១៩៩៤-២០២៣ បានប្រវែង ៤៥៥គីឡូម៉ែត្រ លើផែនការសរុបប្រវែង ៥០៩គីឡូម៉ែត្រ, ជាមួយឡាវពីឆ្នាំ២០១៥-២០២២ បានប្រវែង ១៧៩គីឡូម៉ែត្រ លើផែនការសរុប ៣៧៧គីឡូម៉ែត្រ។

កាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី បានផ្ដល់គោលការណ៍សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) ឱ្យបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានទី១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយ ថៃ-ឡាវ-វៀតណាម នៅលើទីតាំងដីដែលបានឯកភាពរួចហើយ។

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទពីវឌ្ឍនភាព ៥ឆ្នាំ របស់ក្រសួងការពារជាតិកន្លងទៅនេះ បានគូសបញ្ជាក់ថា ឥឡូវនេះយើងអាចធ្វើដំណើរមួយជុំប្រទេសបានតាមរយៈផ្លូវក្រវ៉ាត់ព្រំដែនដោយចេញដំណើរពីខេត្តកោះកុង គ្រាន់តែកន្លែងខ្លះផ្លូវមានការខូចខាតខ្លះដោយអន្លើ ដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០% យើងអាចធ្វើដំណើរបាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)