តាកែវ៖ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានបើកការដ្ឋានស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ២ខែ្សប្រវែង ៧៥០០មែត្រ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅក្នុងពិធីបើកការដ្ឋាន លោក នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ មានការចូលរួម លោក ជុំ សុមេត ប្រធានគ្រប់គ្រងគម្រោងកងវិស្វកម្ម១៨៣ លោក ជា សុវណ្ណធី នាយកផ្នែកស្ពានថ្នល់ លោក ស្រេង វុទ្ធី មេបញ្ជាការរងកងវិស្វកម្ម តំណាងនាយកដ្ឋានផ្លូវលំជនបទ និងសមាជិកគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសំណង់។
ការស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ផ្លូវទាំង២ខ្សែ រួមមាន៖
គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ប្រវែង ៤ ៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន លាតសន្ធឹងពីភូមិស្តេចកំពាន់ ទៅភូមិវាល ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គម្រោងទី២ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៣ ១០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន លាតសន្ធឹងពីភូមិព្រៃរបង ឃុំព្រៃផ្តៅ ទៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នាឱកាសនោះ លោក នួន ដាញ៉ិល បានសំណូមពរសូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាចូលរួមសហការជាមួយកងវិស្វកម្ម ដើម្បីធានាការអនុវត្តកការងារទាំង ២គម្រោង ខាងលើអាចអនុវត្តទៅបានដោយរលូន និងទាន់ពេលវេលា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)