ភ្នំពេញ៖ ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១លាន៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។ បើតាមការលើកឡើង លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI។
តាមការលើកឡើងខាងលើ លោក Lu Wei បានដឹកនាំគណៈប្រតិភូ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) និងគណៈប្រតិភូ ក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Design Institute Co., Ltd (Energy China YNPD) ជួបពិភាក្សាការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមជំនួបនេះ ក្រុមហ៊ុនបានស្នើសុំជួបពិភាក្សា ក៏ដូចស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹង ផ្តោតលើសកម្មភាពបឋមចំនួន៣៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និងទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។
អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈ ប្រតិភូក្រុមហ៊ុន AIAI និងក្រុមហ៊ុនដៃគូ Energy China YNPD ដែលបានចំណាយពេលវេលាដ៏មានតម្លៃមក មកជួបពិភាក្សាការងារនាពេលនេះពាក់ព័ន្ធនឹងសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន។
លោក ជា វុទ្ធីបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដោយមានការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលគិតមកទល់ ពេលនេះមានរយៈពេលជិត១ឆ្នាំ។ លោក បានបគូសបញ្ជាក់ថា ការបើកដំណើរការអាកាសយានដ្ឋាននេះបានចូលរួមជំរុញកំណើនសេដ្ឋជាតិ និងបានជំរុញទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា ពិសេស ខេត្តសៀមរាប។
លោក Lu Wei ក៏បានលើកឡើងថាគោលបំណងនៃការពិភាក្សាការងារនាពេលនេះគឺដើម្បីជម្រាបជូនពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយបានសហការជាមួយក្រុមហ៊ុន EnergyChina YNPD ដែលជាក្រុមហ៊ុនចិនបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែកថាមពលអគ្គិសនី។
គម្រោងតំបន់ថាមពលពិសេសនេះនឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ Biomass,ថាមពលដើរដោយខ្យល់ (Wind Power) និងប្រពន្ធផ្ទុកថាមពល (Energy Storage) ផងដែរ។ ជាការបន្ត លោក Lu Wei។
គួររម្លឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី បានចាប់ផ្តើមបើកដំណើរការជាផ្លូវការទទួលនូវការហោះហើរជាលើកដំបូងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
អាកាសយានដ្ឋានសៀមរាបអង្គរ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4E ដែលមានផ្លូវរត់ប្រមាណ ៣ ៦០០ម៉ែត្រ ដែលអាចទទួលយន្តហោះប្រភេទ (Code E) ធ្វើប្រតិបត្តិការបាន។ «អាកាសយានដ្ឋានអន្តរជាតិថ្មី» នេះមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទំហំ ២០០ហិកតា ដែលមានចម្ងាយ ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និង ៥០គីឡូម៉ែត្រពីប្រជុំជនក្រុងសៀមរាប។
អាកាសយានដ្ឋានសៀមរាបអង្គរមានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមានស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ នៅឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០ ០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦ ០០០តោនក្នុងឆ្នាំ២០៤០ ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥ ៨០០ជើងក្នុងឆ្នាំ២០២៤ និង ១១២ ៧០០ជើង ក្នុងឆ្នាំ២០៤០។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារ ដែលជាទឹកប្រាក់របស់រដ្ឋាភិបាលចិនជាមួយរយៈពេលសាងសង់ ៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល ៥៥ឆ្នាំ។ ៥០ឆ្នាំក្រោយ នឹងប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ការចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿន ៥គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋានមកផ្លូវជាតិលេខ៦ ចំណាយទឹកប្រាក់ប្រមាណ ៩៥លានដុល្លារ។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)