Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោខេត្តកំពង់ធំ សមត្ថភាពស្ដុកទឹក៣០០លានម៉ែត្រគូប សម្រេចបាន ២៥%

កំពង់ធំ៖ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ សមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣០ម៉ឺនហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ក្នុងខេត្តកំពង់ធំ សម្រេចបានប្រមាណ ២៥%។

លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំង អភិបាលរងខេត្ត ចុះពិនិត្យលើវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការចុះពិនិត្យលើវឌ្ឍនភាពនេះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសនោះដែរ លោក និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានក៏បានចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងស្លាប់ និងការដ្ឋានជួសជុលស្ដារឡើងវិញប្រព័ន្ធស្ទឹងស្លាប់ ស្ថិតក្នុងភូមិសាស្រ្តស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារជារួមសម្រេចបានប្រមាណ ២៥% ក្នុងនោះ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយពង្វាងទឹកស្ទឹងស្លាប់មានសក្ដានុពលជួយរំដោះទឹកនិងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី ពីក្រុងស្ទឹងសែននិងតំបន់ជុំវិញ ដោយបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)