Register Already an agent ? Login

ក្នុងឆ្នាំ២០២៤ ការវិនិយោគនៅកម្ពុជា ចិនស្ថិតលេខរៀងទី១ កម្ពុជាទី២ និងវៀតណាទី៣ ទុនសរុបប្រមាណ៦,៩ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីចិនស្ថិតនៅលំដាប់លេខរៀងទី១ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ និងវៀតណាមស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែកប្រមាណ ៥០%, ៣៤.% និង ៨% នៃទុនវិនិយោគសរុបរៀងគ្នា។ បើតាម សេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះ គម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ។

ជារួម ក្នុងឆ្នាំ ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគមានការ កើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

ក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគ ចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤.៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគ សរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យ ទេសចរណ៍ មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារអាម៉េរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១,៣ពាន់លានដុល្លារ ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)