Register Already an agent ? Login

ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគ៩៣ ស្វាយរៀង៧២ ភ្នំពេញ៥២ និងព្រះសីហនុ៥១ ទុនសរុប៦,៩ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះ គម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ។

តាមការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះ ខេត្តកំពង់ស្ពឺទទួលបានគម្រោងច្រើនជាងគេ ៩៣គម្រោង, ខេត្តស្វាយរៀង ៧២គម្រោង, រាជធានីភ្នំពេញ ៥២គម្រោង, ខេត្តព្រះសីហនុ ៥១គម្រោង, ខេត្តតាកែវ ៤៣គម្រោង, ខេត្តកណ្ដាល ៣១គម្រោង, ខេត្តកោះកុង ២៧គម្រោង, ខេត្តកំពង់ចាម ១៣គម្រោង និងខេត្តកំពង់ឆ្នាំង ១២គម្រោង។

គម្រោងជាង៤០០នេះ ក៏មានខេត្តត្បូងឃ្មុំ ពោធិ៍សាត់ កំពត ស្ទឹងត្រែង ទទួលបានចំនួន ៣គម្រោងដូចៗគ្នា និងខេត្តក្រចេះ ព្រះវិហារ ក៏ទទួលបានចំនួន ២គម្រោងដូចគ្នាដែរ ខណៈ ខេត្តកំពង់ធំ បាត់ដំបង បន្ទាយមានជ័យ កែប ទទួលបានគម្រោងចំនួន ១គម្រោងដូចគ្នាផងដែរ។

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីចិនស្ថិតនៅលំដាប់លេខរៀងទី១ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ និងវៀតណាមស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែកប្រមាណ ៥០%, ៣៤.% និង ៨% នៃទុនវិនិយោគសរុបរៀងគ្នា។

ជារួម ក្នុងឆ្នាំ ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការ កើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត៤០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ហើយក្នុងនោះ គម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

ក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគ ចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈ ទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤.៨ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យទេសចរណ៍មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារ ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ពាន់លានដុល្លារ ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប។

គូសបញ្ជាក់ថា តាមរយៈការអនុម័តគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចមានលទ្ធភាពបង្កើតឱកាសការងារបានប្រមាណ ៣២ម៉ឺនកន្លែង លើគម្រោងជិត៥០០គម្រោង នៅក្នុងពេញមួយឆ្នាំ២០២៤ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា ជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)