Register Already an agent ? Login

ខេត្តរតនគិរី បានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខេត្ត៤ទៀត នឹងប្រកាសបញ្ចប់ផងដែរ

រតនគិរី៖ ខេត្តរតនគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ជាខេត្តទី៩ ទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កន្លងមកមានខេត្តចំនួន៨ រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។ ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន៤ ថ្មីបន្ថែមទៀត នឹងប្រកាសបញ្ចប់បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ពិធីប្រកាស ខេត្តរតនគិរី ជាខេត្តទី៩ ទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីធ្លារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី មានអ្នកចូលរួមសរុបប្រមាណ ១៥០០នាក់។

ក្នុងពិធីដ៏អធិកអធមនោះ លោក រដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ក៏ដូចជាសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី ដែលសមិទ្ធិផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាព។

លោក បានលើកឡើងថា ដើម្បីចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍បានដាក់ចេញនៅអទិភាពគន្លឹះចំនួន៤ រួមមាន៖ ១-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, ២-ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង ៤-ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។

អទិភាពទាំង ៤ខាងលើនេះ គឺសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទឱ្យរស់នៅប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ជាការគូសបញ្ជាក់ លោក ឆាយ ឫទ្ធិសែន បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ដជួយគាំទ្រ និងសហការណ៍ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅរបស់ក្រសួងក្នុងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឱ្យបានអត្រាគ្របដណ្តប់ ១០០% នៅទូទាំងប្រទេសក្នុងឆ្នាំ២០៣០។

គួរបញ្ជាក់ផងដែរថា ខេត្តរតនគិរីជាខេត្តទី៩ ហើយដែលបានធ្វើពិធីប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយកន្លងមកមានខេត្តចំនួន៨ រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។

លើសពីនេះ ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន៤ ថ្មីបន្ថែមទៀត នឹងទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ដែលធ្វើឱ្យចំនួនខេត្ត ODF កើនរហូតដល់ចំនួន ១៣ខេត្ត ក្នុងចំណោម ២៥រាជធានី-ខេត្ត នៅទូទាំងប្រទេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)