Register Already an agent ? Login

ក្រុមហ៊ុនចិន កំពុងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់នៅថៃ ស្វែងរកឱកាសវិនិយោគនេះនៅកម្ពុជាផងដែរ

ភ្នំពេញ៖ ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន កំពុងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ផ្លែដូង និងទុរេន នៅប្រទេសថៃ បានទស្សនកិច្ចកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគនេះផងដែរ។ បើតាមជំនួប លោក វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងប្រតិភូក្រុមហ៊ុន DOMI Biotechnology Co., Ltd. ដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន។

បើតាមជំនួបនេះ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុន DOMI Biotechnology Co., Ltd. ដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន។

អគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្រុមហ៊ុនក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគ នៅកម្ពុជា។

លោក ជា វុទ្ធី បានអធិប្បាយដោយសង្ខេបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលមានគណៈ កម្មាធិការវិនិយោគកម្ពុជា ជាសេនាធិការ។

លោក បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ដោយបានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាព អំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា។

លោក ក៏បានជម្រាបជូនគណៈប្រតិភូអំពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេលប្រមាណជិត ៨ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៣% នៃប្រភពទុនវិនិយោគសរុប។

លោក WAN YANHU បានថ្លែងអំណរគុណដល់ អគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូក្រុមហ៊ុនព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនពិនិត្យ និងសម្រេចបណ្តាក់ទុនវិនិយោគ។

ក្រុមហ៊ុន DOMI Biotechnology Co., Ltd. ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងទុរេន ដែលមានទីតាំងវិនិយោគនៅប្រទេសថៃ។ តាកការលើកឡើង លោក WAN YANHU បានឱ្យដឹងថា ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។

នាឱកាសនេះ លោកប្រធាន បានគូសបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ច នៅកម្ពុជានៅពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង ដូចនៅប្រទេសថៃដែរ។

ជាការឆ្លើយតប អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដួង និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំធ្វើការកែច្នៃឱ្យអស់លទ្ធភាព នៅពេលបើកដំណើរការរោងចក្រ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លៃបន្ថែមក្នុងស្រុក៕

ដោយ៖ មឿន ឌីណា (Moeun Dna)