Register Already an agent ? Login

គម្រោងលើកកម្ពស់គុណភាពផ្លូវចំនួន ៤ខ្សែ ទឹកប្រាក់ ២៥០លានដុល្លារ ទៅកាន់តំបន់សមុទ្រនឹងបញ្ចប់ឆ្នាំ២០២៦

ភ្នំពេញ៖ ផ្លូវចំនួន ៤ខ្សែ​ តភ្ជាប់​ពីភ្នំពេញទៅកាន់​ខេត្តតំបន់​ឆ្នេរ បាន​និង​​កំពុង​សាងសង់​លើ​កកម្រិត​គុណភាពដែលគ្រោងនឹ​ង​​ប​ញ្ចប់​​​ទាំង​ស្រុង​នៅឆ្នាំ២០២៦​ខាងមុខនេះ ដោយ​បានចំណាយ​ថវិកាប្រមាណ ​២៥០លានដុល្លារ​។

ផ្លូវ​ទាំង​ ៤ខ្សែ​ ដែលរាជរដ្ឋាភិបាន​បើក​ការដ្ឋា​ន​និងកំពុង​មមាញឹក​សាងសង់នោះ រួមមាន៖  ​

ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពីផ្លូវជាតិលេខ​៤ ត្រង់ចំណុច​ថ្នល់ទទឹង​​​​ ខេត្តកំពង់ស្ពឺ​ ទៅកាន់​ផ្លូវជាតិលេខ​៣ ​ក្នុង​ខេត្ត​កំពត និងបន្តទៅកាន់ទីរួមខេត្ត​កំពត។ ផ្លូវនេះ ​​ត្រូវបានរាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ ៦៧​លានដុល្លារ​ និង​គ្រោង​បញ្ចប់​នៅឆ្នាំ​២០២៦​។

ផ្លូវជាតិលេខ​៣១​ តភ្ជាប់ពីផ្លូវជាតិលេខ​៣ ​ត្រង់ចំណុ​ច​បែកគុស​ខេត្តតាកែវ ទៅកាន់​ទីរួម​ស្រុកកំពង់​ត្រាច ខេត្តកំពត ក៏បាន​បើកការដ្ឋាន និង​សាងសង់​បានជិត ១០០%។ ផ្លូវនេះ ​មានសារ​សំខាន់​ក្នុងការ​តភ្ជាប់ពី​ភ្នំពេញ​ទៅកាន់ស្រុកកំពង់​ត្រាច​ និងតភ្ជាប់ផ្លូវជាតិលេខ​៣៣​ ​ដែលរដ្ឋាភិបាលគ្រោងចំណាយប្រមា​ណ ​​​៦​០​​លានដុល្លារ​ ដោយរំពឹងថា​នឹង​បញ្ចប់​ក្នុងឆ្នាំ២០២៦។

​ផ្លូវជាតិលេ​ខ៣៣​ តភ្ជាប់ពីកំពង់ត្រាច​ទៅកាន់ទីរួម​ខេត្ត​កំពត ដោយកាត់តាម​ក្រុង​កែប ខេត្តកែប ក៏នឹង​បញ្ចប់​នៅពេល​ឆាប់ៗនេះដែរ។ ផ្លូវ​ជាតិលេខ​៣៣​ ត្រូវ​បាន​ចំណាយថវិកា​សាងសង់​អស់ប្រមាណ ៦១លានដុល្លារ​។ គិតត្រឹម​បច្ចុប្បន្ន​ គម្រោង​លើ​កកម្រិត​គុណភាពផ្លូវជាតិលេខ​៣៣​ សម្រេច​វឌ្ឍនភាព​ប្រមា​ណ​ ៩០%។​

ផ្លូវដ៏សំខាន់មួយទៀត ដែល​តភ្ជាប់ពីផ្លូវជាតិលេខ​៤ ត្រង់ចំណុច​ស្រែអំបិលទៅកាន់ទីរួម​ខេត្តកោះ​ គឺផ្លូវ​ជាតិ​លេ​ខ៤៨ ដែលតភ្ជាប់​ពីរាជធានីភ្នំពេញទៅកាន់តំបន់​សមុទ្រ​នៃខេត្ត​កោះកុងតាមរយៈ​ផ្លូវជាតិលេខ៤ ​​​ត្រូវ​បាន​រាជ​រដ្ឋាភិ​បា​ល​​​​​ចំណាយ​ប្រមាណ​៦៥​លានដុល្លារ​។ គិតត្រឹម​ចុង​ខែ​កក្កដា គម្រោងអភិវឌ្ឍន៍​ផ្លូវជាតិលេខ​៤៨​ សម្រេច​បាន​ប្រមាណ ៦៣,៣១​% ដោយគ្រោងបញ្ចប់​នៅឆ្នាំ២០២៥​ខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)