Register Already an agent ? Login

គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន៩៦,១០% គ្រោងបញ្ចប់មុនកិច្ចសន្យា១ឆ្នាំ

កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣គីឡូម៉ែត្រ ចាប់ពីបែកគូស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន ៩៦,១០% ហើយគិតត្រឹមដើម ខែសីហា ឆ្នាំ២០២៤នេះ។ បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនេះ បានដឹកនាំក្រុមការងារត្រួតពិនិត្យ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី PMU/PIU ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនត្រួតពិនិត្យបចេ្ចកទេស WACC ប្រធានមន្ទីសាធារណការ តាកែវ  និងកំពត អាជ្ញាធរមូលដ្ឋាន។

ការងារអ៊ុតកៅស៊ូ ACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ ចំពោះការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់បំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ បើយោងតាមរបាយការណ៍។

ទន្ទឹមនឹងការចុះពិនិត្យជាប្រចាំ លោក ខាន់ ម៉ាណេរ គម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ តែងបានធ្វើឡើងជាប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គួររម្លឹកថា ផ្លូវជាតិលេខ៣១នេះ កំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ គ្រោងចំណាយថវិកាជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

គម្រោង​ស្តារ​ផ្លូវជាតិលេខ៣១ បាន​បើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោម​អធីបភាព ​អតីតនាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ការ​​ស្ថាបនា​ផ្លូវនេះ​ស្រប​ការ​បើកការដ្ឋានសាងសង់​​ផ្លូវជាតិលេខ ៣៣ ពីក្រុងកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ និងលេខ៣៣ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នានិងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលបានសាងសង់​រួច ធ្វើយ៉ាងណាជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែបនិងខេត្តកំពត កាន់តែច្រើនថែមទៀត។ ជាងនេះគម្រោង​កែលម្អផ្លូវទាំងពីរនេះ ក៏​នឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានសកម្មភាពកាន់តែមមាញឹក​ថែមទៀត​។

ផ្លូវជាតិលេខ៣១ និងលេខ៣៣ មិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត និងខេត្តកែប និងខេត្តដទៃទៀតប៉ុណ្ណោះទេ ផ្លូវនេះក៏ជាច្រករបៀងដ៏សំខាន់នៃការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជាជាមួយប្រទេសជិតខាង​ដូចជា ប្រទេសវៀតណាម និងប្រទេសថៃថែមទៀត។ ជាការបញ្ជាក់ សម្តេចតេជោ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)