Register Already an agent ? Login

គម្រោងសាងសង់កំណាត់ផ្លូវ ៤ខេត្ត ប្រវែងជាង ៨០គ.ម តាមខែ្សនិមួយៗ វឌ្ឍនភាពពី ៨៥% ទៅ ៩៥%

ភ្នំពេញ៖ គម្រោងសាងសង់កំណាត់ផ្លូវចំនួន ៤ខេត្ត មានប្រវែងសរុប ៨០,៥៧គីឡូម៉ែត្រ តាមខ្សែនិមួយៗវឌ្ឍនភាពសម្រេចបានពី ៨៥% ទៅ ៩៥%។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ដ្រីបច្ចេកទេសចុះពិនិត្យ មើលបញ្ហាប្រឈម និងរកដំណោះស្រាយនានា។

លោក អ៊ឹ វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងថ្នាក់មន្ទីរ នៃគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ចុះខេត្តគោលដៅដើម្បីពិនិត្យមើលវឌ្ឍនភាពការសាងសង់ផ្លូវ ពិនិត្យមើលបញ្ហាប្រឈម និងរកដំណោះស្រាយនានា និងពិនិត្យលើគុណភាពផ្លូវកៅស៊ូ បេតុង និងសំណង់សិល្បការនានា លើខ្សែផ្លូវចំនួន ៤ខ្សែ ក្នុងខេត្តគោលដៅចំនួន៤ កាលពីថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៤។

បើតាមចុះពិនិត្យកំណាត់ផ្លូវទាំង ៤ខ្សែរួមមាន៖

- ខ្សែផ្លូវទី១ មានប្រវែង ២៧,៧៧គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ ៨៥%

- ខ្សែផ្លូវទី២ មានប្រវែង ១៦,២០គីឡូម៉ែត្រ ស្ថិតនៅឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលសម្រេចលទ្ធផលបានជារួមបានប្រមាណ ៨៩%

- ខ្សែផ្លូវទី៣ មានប្រវែង ២៤,២០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ ៨០%

- ខ្សែផ្លូវទី៤ មានប្រវែង ១២,៤០គីឡូម៉ែត្រ ឆ្លងកាត់ស្រុកប្រសាទបល្ល័ង្ក ទៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ ៩៥%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)