Register Already an agent ? Login

កំណាត់ផ្លូវខេត្តកំពង់ឆ្នាំង ៥ខ្សែ ប្រវែងជិត១០០គ.ម ក្រាលកៅស៊ូ DBST បញ្ចប់ការថែទាំដំណាក់កាលទី១

កំពង់ឆ្នាំង៖ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងសរុប ៩៨,៨៨០គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ បន្ទាប់ពីបានពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវថែទាំផ្លូវជាលក្ខណៈប្រចាំទាំង ៥ខ្សែខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី១ ជាស្ថាបពរ។

លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយ មន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំចំនួន ៥ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៩៨,៨៨០គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

កំណាត់ផ្លូវទាំង ៥ខ្សែរួមមាន៖

- ខ្សែទី១ ផ្លូវពីផ្សារពង្រ ទៅរ៉ាក្រាំងស្គារ ស្ថិតក្នុងឃុំពង្រ ឃុំបន្ទាយព្រាល និងឃុំរ៉ាក្រាំងស្គារ ស្រុករលាប្អៀរ ប្រវែង ២៣,៨០ គីឡូម៉ែត្រ ទទឹង ៥,៥ម៉ែត្រ

- ខ្សែទី២ ផ្លូវពីថ្មរាប ទៅវាលស្បូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ឃុំក្រាំងលាវ ឃុំព្រៃមូល និងឃុំតាំងក្រសាំង ស្រុករលាប្អៀរ និងស្រុកទឹកផុស ប្រវែង ២៣,៣៣ គីឡូម៉ែត្រ ទទឹង ៥,៥ម៉ែត្រ

- ខ្សែទី៣ ផ្លូវពីព្រៃសំពៅ ទៅទ័ពស្បូវ ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ប្រវែង ១៤,៣ គីឡូម៉ែត្រ  ទទឺង ៦ម៉ែត្រ

- ខ្សែទី៤ ផ្លូវពីស្រងាំទេរ ទៅព្រៃសំពៅ ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ប្រវែង ១០,៧៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ

- ខ្សែទី៥ ផ្លូវពីត្រពាំងអំពិល ទៅត្រពាំងម្លូ ស្ថិតក្នុងឃុំប្រស្និប និងឃុំក្រាំងស្គារ ស្រុករលាប្អៀរ ប្រវែង ២៦,៧ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)