ឧត្ដរមានជ័យ៖ គម្រោងសាងសង់សំណង់បង្ហៀរ និងស្ពានលើទំនប់អាងទឹកថ្មី ជួយបង្កើនផលិតផលវិស័យកសិកម្ម ព្រមទាំងសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងការដឹកជញ្ជូនកសិផលឆ្លងដែនជាមួយប្រទេសជិតខាង នៅក្នុងខេត្តឧត្ដរមានជ័យ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបាន ១០០%។ បើតាមលោក ផេង ផល ប្រធានគ្រប់គ្រងគម្រោង។
គម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់អាងទឹកថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ភាគខាងជើងប្រទេសកម្ពុជា មានចម្ងាយប្រមាណ ៥២៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ទំនប់អាងទឹកថ្មីមានតួនាទីទទួលយកទឹកពីទំនប់អាងទឹកតាម៉ុក ទំនប់អាងទឹករំចេក និងពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មករក្សាទុកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងបញ្ជូនទឹកទៅអាងទឹកស្ទឹងស្រែងទី២ ស្ទឹងស្រែងទី១ ដើម្បីស្រោចស្រពលើផ្ទៃដីប្រមាណ ២៥០០០ហិកតា នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
កន្លងមក ប្រជាពលរដ្ឋក្នុងតំបន់បានប្រឈមមុខកង្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់លើទំនប់នៅរដូវវស្សា ដែលអាចបង្កគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិផងដែរ។
បន្ទាប់ពីបានសិក្សាគម្រោងតាមលក្ខណៈបច្ចេកទេស និងដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានវិស្វកម្មបានអនុវត្តគម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់អាងទឹកថ្មីនេះឡើង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជាប់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
បើតាមលោក ផេង ផល ប្រធានគ្រប់គ្រងគម្រោង បានឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១-សាងសង់ស្ពានលើទំនប់អាងទឹកថ្មី១កន្លែងប្រវែង ១២៥ម៉ែត្រ ទទឹង ៧ម៉ែត្រ និង ២-សាងសង់សំណង់បង្ហៀរ ១កន្លែង។ លោក បានបគូសញ្ជាក់ថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបាន ១០០%។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លោក ញឺន កួន បានលើកឡើងថា សមិទ្ធផលគម្រោងក្នុងឆ្នាំ២០២៤នេះ មានសារសំខាន់យ៉ាងខ្លាំង និងជាសំណង់ស្ពានដែលវែងជាងគេក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ សម្រាប់បម្រើឱ្យវិស័យកសិកម្ម ទេសចរណ៍ គមនាគមន៍ ក៏ដូចជាការនេសាទក្នុងតំបន់។
លោក ប្រធានមន្ទីរ បានបបញ្ជាក់ថា ក្រោយការសាងសង់បានបញ្ចប់ សំណង់នេះនឹងមានលទ្ធភាពគ្រប់គ្រងទឹក និងបញ្ជាទឹកសម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាប្រមាណ ១៤៩២ហិកតា រដូវប្រាំងប្រមាណ ២៧៩ហិកតា និងដំណាំរួមផ្សំប្រមាណ ៧៨ហិកតា ជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ ក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែងចំនួន ៤១៨គ្រួសារ។
ជាមួយគ្នានេះ កសិករក្នុងតំបន់នឹងទទួលបានកំណើនប្រាក់ចំណូលប្រសើរជាងមុនតាមរយៈការបង្កើនការដាំដុះដំណាំកសិកម្មពីពីរទៅបីដងក្នុងមួយឆ្នាំ ព្រមទាំងបានទទួលស្ពាន និងផ្លូវធ្វើដំណើរទំនាក់ទំនងគ្នាប្រសើរជាងមុន ងាយស្រួលដឹកកសិផលយកទៅលក់នៅទីប្រជុំជន និងប្រទេសជិតខាង។ ជាការនបន្ត លោក ប្រធានមន្ទីរដដែល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)