ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤នេះ។
គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះដែរ ការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣% ការងារស្ពានអនុវត្តបាន ៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+៩០៥ សម្រេចបាន ៤០% ការងារលូកាត់ទទឹងផ្លូវ ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៧,៦៣%។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ការសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។
ផ្លូវជាតិលេខ១០នេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)