ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងជាង ៨០០ម៉ែត្រ តម្លៃប្រមាណ ៦០លានដុល្លារ នឹងបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងនេះ។
បើតាមកិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយ លោក សួង ហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ហើយក៍មានការចូលរួមពី លោក លោកស្រី ជាអនុប្រធានគណៈកម្មការ ប្រធាន អនុប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសនូវសមាសភាពគណៈកម្មការ អនុគណៈកម្មការ និងបែងចែកការងារដែលត្រូវទទួលបន្ទុកក្នុងការត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់។
នៅក្នុងកិច្ចប្រជុំនេះ លោក សួង ហេង បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានសាងសង់អាចប្រព្រឹត្តទៅបានដោយរលូន មានរបៀបរៀបរយ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។
គម្រោងសាងសង់ស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនង សេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទីក្រុងតាខ្មៅ។
ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។
លើសពីនេះ ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងដើរតួជាគន្លឹះនៃការអភិវឌ្ឍន៍មូលដ្ឋានដ៏ល្អសម្រាប់តំបន់ តាមរយៈការពង្រឹងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមខ្សែផ្លូវនៃគម្រោងខាងលើ ហើយក៏មានសារសំខាន់ៈខ្លាំង សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការដឹកជញ្ជូន និងទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល៕
គូសបញ្ជាក់ថា គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។
គម្រោងសាងសង់ស្ពានចេញ ពីតំបន់វត្តព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ គម្រោងទី១៖ តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ស្ថាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែក្រោម ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០-៥០ម៉ែត្រ មានប្រវែងសរុបប្រមាណ ៨៨៧ម៉ែត្រ។
គម្រោងទី២៖ តភ្ជាប់ត្រង់ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម និងភូមិអូអណ្តូង សង្កាត់ព្រែកប្រា។ ស្ពាននឹងត្រូវស្ថាបនាចាប់បន្តពីគម្រោងផ្លូវ ៥០-៦០ម៉ែត្រ ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ៥០-៦០ម៉ែត្រ ដែលមានប្រវែង៩០០ម៉ែត្រ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)