Register Already an agent ? Login

ផ្លូវជនបទខេត្តបាត់ដំបង ៣ខ្សែប្រវែងជាង៥០គ.ម ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ វឌ្ឍនភាពជាអន្លើ ៣៣% ៦៧% និង៤៣%

បាត់ដំបង៖ ផ្លូវជនបទខេត្តបាត់ដំបង ៣ខ្សែប្រវែងជាង ៥០គីឡូម៉ែត្រ ក្នុងនោះ ប្រវែង ២២,២គីឡូម៉ែត្រ ឃុំរបស់មង្គល ស្រុកមោងឫស្សី ទៅដល់ភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ៣៣%, ប្រវែង ១៤,១០គីឡូម៉ែត្រ ឃុំកកោះ ទៅដល់ ឃុំមោង ស្រុកមោងឫស្សី ៦៧% និងប្រវែង ១៤,១០គីឡូម៉ែត្រ តភ្ជាប់ពីឃុំធិបតី ទៅដល់ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ៤៣%។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវចំនួន ៣ខ្សែ នៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

ខ្សែផ្លូវ ផ្លូវដែលទទួលរងការខូចខាតប្រវែង ២,៨គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាតុក ឃុំមោង ទៅដល់ភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី។ លោក រដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ពិនិត្យលទ្ធភាពសាងសង់ផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវក្រាលបេតុងនាពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើធុរៈកិច្ចផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

- ខ្សែផ្លូវទី១ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២២,២គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ទៅដល់ភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៣៣ %។

- ខ្សែផ្លូវទី២ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ទៅដល់ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៦៧%។

- ខ្សែផ្លូវទី៣ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន ៤៣%។

ទន្ទឹមនឹងការចុះពិនិត្យវឌ្ឍនភាពស្ថាបនានេះផងដែរ លោក រដ្ឋមន្ត្រី បានពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដោយការស្ថាបនាផ្លូវប៉ះពាល់ប្រឡាយទឹកប្រើប្រាស់របស់ពួកគាត់ផងដែរ។

គួរបញ្ជាក់ថា ការងារសាងសង់ផ្លូវទាំង ៣ខ្សែខាងលើនេះ ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។

ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង ៣ខ្សែ នោះផងដែរ លោក ឆាយ ឫទ្ធិសែន បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)