ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងអត្រា ៥.៨% ដោយសារមានការគាំទ្រពីវិស័យសំខាន់ៗមួយចំនួនដូចជាការនាំចេញសម្លៀកបំពាក់ និងផលិតផលកសិកម្ម ព្រមទាំងការងើបវិញនៃវិស័យទេសចរណ៍។ បើតាម របាយការណ៍និធិរូបិយវត្ថុអន្តរជាតិ (IMF)។
សេដ្ឋកិច្ចកម្ពុជា បានបន្តស្ទុះងើបឡើងវិញ បើទោះបីជាមានល្បឿនយឺតជាងការរំពឹងទុកក៏ដោយ ព្រោះផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងពី ៥.៥% នៅឆ្នាំ២០២៤ ដល់៥.៨% នៅឆ្នាំ២០២៥។ បើតាមការបញ្ជាក់ IMF បានបន្តថា យ៉ាងនេះក្តីអតិផរណាត្រូវបានព្យាករថា នឹងកើនឡើងពី ០.៥% នៅឆ្នាំ២០២៤ ដល់ ២% នៅឆ្នាំ២០២៥ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន។
បើតាម IMF បានបន្តទៀតថា ការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥.៨% គាំទ្រដោយវិស័យទាំង ៣ខាងលើនេះ ខណៈវិស័យសំណង់ និងអចលនទ្រព្យកំពុងបន្តស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ ដោយការកើនឡើងនៃឥណទានមិនដំណើរការ និងបំណុលឯកជន។ សេដ្ឋកិច្ចកម្ពុជាអាចងាយរងគ្រោះដោយសារតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក ការប្តូរគោលនយោបាយរបស់ដៃគូពាណិជ្ជកម្មធំៗនៅលើពិភពលោក និងការបែងចែកភូមិសាស្ត្រនយោបាយដែលអាចនឹងផ្តល់ផលប៉ះដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគពីបរទេស។ បើតាមប្រភពដដែល។
ដើម្បីជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានៅតែបន្តឆ្ពោះមុខ ដែលរួមមាន ការធ្វើកំណែទម្រង់លើគោលនយោបាយសារពើពន្ធ ការធ្វើឱ្យប្រសើរឡើងនូវការប្រមូលពន្ធ និងការលើកលែងពន្ធ។ នេះបើតាមការ ផ្តល់ជាអនុសាសន៍ IMF បានបន្តថា ពិសេសបង្កើនប្រសិទ្ធភាពលើការចំណាយ និងពង្រឹងការគ្រប់គ្រងវិនិយោគសាធារណៈដែលជាធាតុផ្សំស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងភាពធន់ និងធានានូវស្ថិរភាពបំណុល រួមនឹងអនុសាសន៍មួយចំនួនទៀត។
កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ នឹងបន្តកើនឡើងក្នុងរង្វង់ ៦.៣%។ តាមការព្យាកររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ៩២៤ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)