Register Already an agent ? Login

ក្រុមហ៊ុន AEON MALL មានគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ លោក Okada Motoya ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALL នៅក្នុងជំនួប សម្តែងការគួរសម ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ឱញយដឹងថា ក្រុមហ៊ុន AEON MALL មានគម្រោងពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។

បើតាមជំនួបខាងលើ នាឱកាសថ្ងៃចុងក្រោយដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នាក់នៅប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ មុនពេល ដែលសម្តេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួបនេះ លោក Okada Motoya បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនេះ លោកប្រធានក្រុមហ៊ុន AEON MALL ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី អំពីការចូលរួមរបស់ក្រុមហ៊ុនក្នុងវិស័យអប់រំ តាមរយៈការកសាងសាលាបឋមសិក្សានៅតាមបណ្តាខេត្ត និងការផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សកម្ពុជា ដើម្បីបន្តឱកាសសិក្សាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។

នៅក្នុងជំនួបនេះផងដែរ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក Okada Motoya​ និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន AEON MALL ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា ព្រមទាំងអរគុណចំពោះការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងការកសាងសាលារៀននៅតាមមូលដ្ឋាន។

ប្រមុខរារដ្ឋាភិបាល បានមានប្រសាសន៍ថា ការណ៍នេះ បានរំឭកពីគំរូវីរភាពនៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបានការអប់រំ។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់។  

លើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyn)