ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា កំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ និងបន្ដងើបកាន់តែលឿនក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។ ខណៈ ធនាគារពិភពលោក (WB) បានព្យាករទុកថានឹងមានកំណើន៥,៤% នៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី ៥,៥% ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ និងឡើងដល់ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,១% ក្នុងឆ្នាំ២០២៥។
ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាងពីរ ទស្សវត្សរ៍ចុងក្រោយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចនឹងរក្សាបាននូវ សុខសន្តិភាពពេញលេញ, ធានាអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបានសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ នានាជាច្រើន រៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។
សម្ដេចធិបតី បានថ្លែងបន្តថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការ យល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ, ការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈាន ឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ។
ឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវឤទិភាពគន្លឹះ ចំនួន ៥ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ បើតាមថ្លែងបន្តទៀត សម្ដេចធិបតី។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្ដបន្ទាប់នូវ «កម្មវិធីគោលនយោបាយអាទិភាព៦» ជាមួយ «វិធានការគន្លឹះ៥» និងវិធានការកែទម្រង់មុតស្រួចនានា ដែលបានដាក់ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខនោះ កម្ពុជា រំពឹងថាអាចនឹង សម្រេច បានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ និងបន្ដងើបកាន់តែលឿន ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។
ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះ អាចនឹងប្រឈមនូវហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្ន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានៅទ្បើយ។ បើតាមការបន្ថែម ប្រមុខរាជរដ្ឋាភិបាល បន្តថា ក្នុងន័យនេះ កម្ពុជាត្រូវប្រ កាន់នូវជំហរ និងស្មារតីកែទម្រង់ជាប់ជាប្រចាំ និងបុរេសកម្មជានិច្ចនិរន្តន៍ ដោយការព្យាយាមកសាងឱ្យបាន នូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចថែមទៀត ។
រាជរដ្ឋាភិបាកម្ពុជារំពឹងបានកំណើនសេដ្ឋកិច្ចខាងលើ ខណៈ របាយការណ៍ចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ចេញផ្សាយដោយធនាគារពិភពលោក សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករទុកថានឹងមានកំណើន៥,៤% នៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី ៥,៥% ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ និងឡើងដល់ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,១% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មនានាដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
នៅក្នុងឆ្នាំនេះ កត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធលើកំណើន ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយក្រោមចំណងជើងថា Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោកនិយាយថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)