ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះ គម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៥០គម្រោង។
ជារួម ក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈ ទុនវិនិយោគមានការ កើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះ គម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។
ក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគ ចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈ ទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤.៨ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។
ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យ ទេសចរណ៍ មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារអាម៉េរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១,៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប។
សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីចិនស្ថិតនៅលំដាប់លេខរៀងទី១ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ និងវៀតណាមស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែកប្រមាណ ៥០%, ៣៤.% និង ៨% នៃទុនវិនិយោគសរុប រៀងគ្នា។
រំហូរវិនិយោគចូលមកកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានកំណើនដ៏ខ្លាំងក្លានេះគឺជាសក្ខីកម្មនៃការដឹកនាំលើគន្លងមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលពោរពេញដោយភាពបុរេសកម្ម ភាពបត់បែន និងមាននវានុវត្តន៍ខ្ពស់ ស្របទៅនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និងសកល។ ជាការថ្លែង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស ISI នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
លោក ជា វុទ្ធី បានមានសុទិដ្ឋិនិយមខ្ពស់ថា រំហូរវិនិយោគចូលមកកម្ពុជានឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការនៃការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)