Register Already an agent ? Login

ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូ ​បាន​ចេញផ្សាយអត្ថបទវិភាគ​មួយ​មាន​ចំណង​ជើង​ថា «ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា»។ ក្នុងអត្ថបទ​វិភាគ​នេះ​ បានបង្ហាញពីកត្តាជំរុញសំខាន់ៗនៅពីក្រោយការឡើងរបស់កម្ពុជាពីឋានៈប្រទេស​អភិវឌ្ឍន៍តិចតួច ហើយធ្វើការវិភាគ និងផ្តល់អនុសាសន៍លើចំណុចគន្លឹះដែលកម្ពុជា​គួរ​ពិចារណាសម្រាប់ការពន្លឿនកំណែទម្រង់ពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មី​បន្ទាប់ពីការឡើងចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ខាងក្រោមនេះ គឺជាអត្ថបទទាំង​ស្រុងដែលបានលើកឡើងទាក់ទងនឹងឱកាស និងបញ្ហាប្រឈមមួយចំនួនដែលកម្ពុជា​ត្រូវ​ដោះស្រាយនោះ ដោយ លោក Gerald Pascua ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច អ្នកស្រី Pramila Crivelli ជាសេដ្ឋវិទូនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និង​សហប្រតិបត្តិការក្នុងតំបន់ របស់ ADB និង លោក Stefano Inama ជាប្រធានជំនួយបច្ចេកទេស​របស់ UNCTAD។

ពីរទសវត្សរ៍បន្ទាប់ពីការដាក់បញ្ចូលក្នុងបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាបាន​បំពេញ​​លក្ខណៈ​វិនិច្ឆ័យដើម្បីឡើងចេញពីបញ្ចីនេះជាលើកដំបូងនៅឆ្នាំ២០២១​ ជាមួយ​នឹង​ផែន​ការឡើងចេញ​ពីបញ្ជីនេះក្នុងអំឡុងឆ្នាំ២០២៧។ នេះគឺជាសមិទ្ធិផលដ៏សំ​ខាន់មួយ​ដោយ​សារការឡើងចេញពីស្ថានភាពប្រទេស​អភិវឌ្ឍន៍តិចតួច មាន​ន័យ​ថាប្រទេសមួយ​បាន​សម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយ៉ាងធំធេង។ ទោះជាយ៉ាងណាក៏​ដោយ ការឡើងចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួចក៏នឹងនាំមកនូវបញ្ហាប្រឈមផងដែរ។

សម្រាប់​ករណី​ប្រទេស​កម្ពុជា ការ​ឡើងចេញពីបញ្ជីនេះ នឹងអាចនាំដល់​ការ​បាត់​បង់​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​ដែល​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ទទួល​បាន រួម​ទាំង​ការ​អនុគ្រោះ​ពន្ធ និង ​«ច្បាប់​កំណត់​ប្រភពដើម» ​(rules of origin) ដែល​អំណោយ​ផល ផងដែរ។

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលបាន​បង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបយ៉ាងខ្លាំង តាមរយៈ​ការអនុ​គ្រោះ​ពន្ធ និងការអនុគ្រោះតាមរយៈ​ច្បាប់កំណត់​ប្រភព​ដើមដែលអនុញ្ញាតឱ្យផលិតផល​របស់​ខ្លួន​ចូលទៅកាន់អឺរ៉ុបដោយមិនបង់ពន្ធ។ បើ​មិន​បាន​គ្រប់​គ្រង​​ដោយ​ប្រុង​ប្រយ័ត្ន​ទេ ការ​បាត់​​បង់​​ការអនុគ្រោះនេះ​អាច​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា។

កម្ពុជាត្រូវធានាលទ្ធភាពទទួលបានទីផ្សារជំនួសនៅពេលទទួលបានឋានៈថ្មី និង​ពង្រឹងសមត្ថភាព​ប្រកួតឈ្នះរបស់ខ្លួន។

ពង្រីកការចូលរួមក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី៖ កម្ពុជាទទួលបាន​អត្ថ​ប្រយោជន៍ពីការកើន​ឡើង​នៃលំហូរនាំចេញ និងនិន្នាការឆ្ពោះ​ទៅរកការធ្វើពិពិធកម្ម​ក្នុង​រយៈ​ពេលជាច្រើនឆ្នាំកន្លងមក។ ទោះជា​យ៉ាង​នេះក្តី អត្ថប្រយោជ​ន៍​ទាំងនេះគឺកំពុងរង​សម្ពាធខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើន​បន្តកើត​មាន​​នៅក្នុងតំបន់។ កម្ពុជា​​អាច​នឹង​ពិចារណា​លើ​ការពង្រឹង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ដោយ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​រក្សា ​និង​បង្កើន​លទ្ធភាពទទួល​បាន​​ទីផ្សារ​របស់ខ្លួន។

ចលនាមួយក្នុងទិសដៅនេះ គឺការចូលរបស់កម្ពុជាទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែកជាមួយ​សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ​ ក្នុងឆ្នាំ២០២២ បន្ថែមពី​លើការចូលរួមរបស់ខ្លួន​នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ។ ដោយឈរលើសម្ទុះនេះ កម្ពុជាគួរតែពិចារណាលើការ​បង្កើតកិច្ចព្រមព្រៀង​ថ្មីជា​មួយដៃគូសំខាន់ៗរបស់ខ្លួន និងបន្តកែលម្អការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀងដែល​មានស្រាប់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនឹងបញ្ចៀសការធ្លាក់ថយដោយសារការបាត់បង់​ប្រព័ន្ធ​អនុគ្រោះទូទៅនៅឆ្នាំ២០៣១ ហើយការពង្រីកការអនុវត្តច្បាប់​កំណត់​ប្រភពដើម(extended cumulation) នឹងជួយសម្រួលដល់អនុលោមភាពនៃច្បាប់កំណត់​ប្រភពដើម។ ការរក្សាលទ្ធភាព​ទទួលបានទីផ្សារក្នុងប្រទេសជប៉ុនក៏សំខាន់ផងដែរ។ ការ​ពិគ្រោះយោបល់សម្រាប់កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយនឹងច្បាប់កំណត់ប្រភពដើម​ដែល​ងាយស្រួលសម្រាប់អាជីវកម្មគួរតែចាប់ផ្តើមឱ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន។

អនុវត្តន៍កំណែទម្រង់ក្នុងស្រុក និងការផ្លាស់ប្តូរបទប្បញ្ញត្តិដើម្បី​ធ្វើ​ឱ្យ​វាកាន់តែងាយ​ស្រួល​សម្រាប់ការចូល​រួម​ក្នុ​ង​ពាណិជ្ជកម្មអន្តរជាតិ៖ កិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរីថ្មីកាន់​តែមានវិសាលភាពលើស​ពីព្រំដែន​ដូចជា ការសម្របសម្រួលពាណិជ្ជ​កម្ម ពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិក​ (e-commerce) លទ្ធកម្ម​របស់រដ្ឋាភិបាល និងកម្ម​សិទ្ធិ​បញ្ញាជាដើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ទ្រង់ទ្រាយធំ ក៏ជំរុញឱ្យមាន​ការ​ប្តេជ្ញា​ចិត្តពាណិជ្ជកម្ម​ដែល​មានលក្ខណៈកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមិនមែនប្រពៃណី​ (non-traditional)​ក្នុងទំហំការចូលរួមកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណាក្តី អនុលោម​ភាព​តាម​ការប្តេជ្ញា​ចិត្ត​ប្រកបដោយមហិច្ឆិតាទាំងនេះអាចជារឿងគួរឱ្យបារម្ភសម្រាប់​ប្រទេស​មានការអភិវឌ្ឍ​តិច​តួច។

ប្រើប្រាស់ឌីជីថលភាវូបនីយកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសទីផ្សារឆ្លងព្រំដែនកាន់​តែទូលំ​ទូលាយ៖ សេណារីយ៉ូពាណិជ្ជកម្មកាន់តែមានភាពស្មុគស្មាញ ដោយសារ​តែការ​ពង្រីក​វិសាលភាព​ពាណិជ្ជកម្មទៅកាន់ផ្នែកថ្មីៗដូចជាពាណិជ្ជកម្មអេឡិចត្រូនិក និង​សេវា​កម្ម​ឌីជីថល។ អស់ជាច្រើនទស្សវត្សមកហើយសេវាឆ្លងព្រំដែនលេចធ្លោ​ជាងគេ​ក្នុង​ការ​នាំ​ចូលរបស់កម្ពុជាហើយជា​តំបន់​ពាណិជ្ជកម្មយុទ្ធសាស្ត្រមួយ។

កម្ពុជាក៏អាចអនុម័តគំនិតផ្តួចផ្តើមពហុភាគី ដូចជាកិច្ចព្រមព្រៀងបច្ចេកវិទ្យា​ព័ត៌មានរបស់​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក (WTO’s Information Technology Agreements) ដែល​លុប​បំបាត់​ពន្ធ​គយ​លើផលិតផលបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង និងកិច្ចព្រមព្រៀងទទួល​ស្គាល់​គ្នាទៅវិញទៅមក​ផ្សេងៗ​ទៀតដើម្បីសម្របសម្រួលការបញ្ជាក់លើផលិតផល​អគ្គិ​សនី​នានា។

យ៉ាង​ណា​ក៏​ដោយកង្វះ​ជំនាញ និងធនធាន​ឌីជីថលដែល​រារាំងដល់​ការ​ប្រើ​ឧបករណ៍ និង​វេទិកា​ឌីជីថល​នៅ​តែ​ជា​ឧបសគ្គ​ដ៏​ធំ​ដែល​ដាក់​កំហិត​​សក្តានុពល​ពាណិជ្ជកម្ម​ឌីជីថល​របស់​កម្ពុជា។ កំណែទម្រង់រចនា​សម្ព័ន្ធនិងគោលនយោបាយគឺចាំបាច់ដើម្បីបន្ស៊ី​បទប្បញ្ញត្តិក្នុង​ស្រុកទៅនឹងស្តង់ដារអន្តរជាតិ និងដើម្បី​ពង្រឹងវិធីសាស្រ្តដែលកាន់តែមានសុវត្ថិភាព ​និង​ប្រកបដោយបរិយាបន្នបន្ថែមទៀតសម្រាប់​អន្តរកម្មឌីជីថល។

ប្រើប្រាស់ឌីជីថលភាវូបនីយកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសទីផ្សារឆ្លងព្រំដែនកាន់​តែទូលំ​ទូលាយ៖ សេណារីយ៉ូពាណិជ្ជកម្មកាន់តែមានភាពស្មុគស្មាញ ដោយសារ​តែការ​ពង្រីក​វិសាលភាព​ពាណិជ្ជកម្មទៅកាន់ផ្នែកថ្មីៗដូចជាពាណិជ្ជកម្មអេឡិចត្រូនិក និង​សេវា​កម្ម​ឌីជីថល។ អស់ជាច្រើនទស្សវត្សមកហើយសេវាឆ្លងព្រំដែនលេចធ្លោ​ជាងគេ​ក្នុង​ការ​នាំ​ចូលរបស់កម្ពុជាហើយជា​តំបន់​ពាណិជ្ជកម្មយុទ្ធសាស្ត្រមួយ។

កម្ពុជាអាចពិចារណាចូលរួម​ក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងចរចាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីដែលមានបទប្បញ្ញត្តិបង្កលក្ខណៈដល់ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ពាណិជ្ជ​កម្មឌីជីថលដើម្បីបង្កើន​ការចូលរួមពាណិជ្ជកម្មឌីជីថលរបស់ខ្លួនបន្ថែមទៀត។

ជាមួយនឹងការឡើងចេញរបស់កម្ពុជា​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ដែល​នឹង​មក​​ជាអ្វីដែល​ប្រទេស​កម្ពុជា​ត្រូវអបអរ។ វា​ជា​សមិទ្ធផល​ដ៏​ធំធេង។ ប៉ុន្តែវានាំមកនូវបញ្ហា​ប្រឈមក្នុង​កម្រិត​ថ្មីទៀតជាពិសេសភាព​ស្មុគស្មាញ​នៃពាណិជ្ជកម្មអន្តរជាតិ​ដែលកម្ពុជា​ត្រូវ​​ដោះ​​ស្រាយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)