
ព្រះវិហារ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ ចំនួន ២ភូមិ ស្ថិតនៅក្នុងខេត្តព្រះវិហារ មានផ្ទៃដីភូមិសរុប ២៩៨១ហិកតា។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋាន បានដឹកនាំមន្ដ្រីជំនាញក្រសួងនិងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ ស្ថិតនៅក្នុងខេត្តព្រះវិហារ។

តាមការចុះពិនិត្យនេះ រួមមាន៖ ទី១-ភូមិឈ្មោះភូមិសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ មានផ្ទៃដីភូមិសរុប ២ ១០០ហិកតា ក្នុងនោះ ផ្ទៃដីសហគមន៍ ១ ៤៤៧ហិកតា, ផ្ទៃដីធ្វើកសិកម្ម ៦០៦ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ៤៧ហិកតា ដែលមានខ្នងផ្ទះចំនួន ១៨០ខ្នង សើ្មនឹង ១៨៥គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍, មានមត្ដេយ្យសហគមន៍, មានស្ថានីយផលិតទឹកសហគមន៍, មានសហគមន៍តំបន់ការពារធម្មជាតិតាំងយូ ដែលផ្ដល់សក្ដានុពលខាងវិស័យទេសចរណ៍បែបធម្មជាតិ។

ទី២-ភូមិឈ្មោះភូមិក្របៅ ស្ថិតនៅក្នុងឃុំគូលែនត្បូង ស្រុកគូលែន មានផ្ទៃដីភូមិសរុប ៨៨១ហិកតា ក្នុងនោះ ផ្ទៃដីធ្វើកសិកម្ម ៦៧១ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ២១០ហិកតា ដែលមានខ្នងផ្ទះចំនួន ៣៨៥ខ្នង សើ្មនឹង ៤១៨គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដូចជា ផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវល្បាយក្រួសក្រហម, មានមត្ដេយ្យសហគមន៍, សាលាបឋមសិក្សា, មានស្ថានីយផលិតទឹកសហគមន៍, មានប្រភពទឹកសម្រាប់ស្រោចស្រពកសិកម្ម ដែលអំណោយផលដល់ការធ្វើស្រែ និងការធ្វើចំការ។

បន្ទាប់ពីបានពិនិត្យស្ថានភាពភូមិទាំងពីររួចមក បានពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយចែកចាយទឹកស្អាតតាមទុយោខ្នាតសហគមន៍ ស្ថិតនៅឃុំគូលែនត្បូង ទីរួមស្រុកគូលែន។ ស្ថានីយចែកចាយទឹកនេះ មានកម្ពស់ ៣ជាន់ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធជនបទសម្រាប់កម្ពុជាបានបើកការដ្ឋានសាងសង់ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ពេលនេះសម្រេចបាន ១៤,៣២% គ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៥នេះ។ ស្ថានីយចែកចាយទឹកនេះ មានសមត្ថភាពផលិតទឹកបាន ១ ២៩៦ម៉ែត្រគូប ក្នុង១ថ្ងៃ បម្រើដល់ប្រជាជន ក្នុងសហគមន៍ប្រមាណ ១៣០០គ្រួសារ ស្មើនឹង ៥៨៩៧ នាក់។

ជាមួយគ្នានេះ បានចុះពិនិត្យស្ថានភាពផ្លូវក្រាលល្បាយក្រួសក្រហម ១ខ្សែ មានប្រវែង ១១,២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវចុងកៅស៊ូ ត្រង់ចំណុចច្រកចូលប្រាសាទប្រាំ ភូមិស្រយ៉ង់ជើង ទៅដល់ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន តបតាមការស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅលើកំណាត់ផ្លូវនេះត្រូវសាងសង់ផ្លូវគន្លងថ្មីប្រវែង ៥,៩គីឡូម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ ដែលជាផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទកោះកេរ ដែលមានប្រាសាទប្រមាណ ៧០ប្រាសាទ។

តាមរយៈការលើកកម្រិតគុណភាពផ្លូវនេះ ត្រូវបានរំពឹងទុកថា នឹងធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មានការកើនឡើងជារៀងរាល់ថៃ្ង ដែលបង្កលក្ខណៈងាយស្រួលដល់ទេសចរធ្វើដំណើរបានប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយផងដែរ៕





ដោយ៖ មឿន ឌីណា (Moeun Dyna)