
ភ្នំពេញ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា។
តាមការបញ្ជាក់ លោក Casey បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោក រដ្ឋមន្ត្រី បានលើកឡើង អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ការធ្វើកំណែទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមសមត្ថកិច្ចក្រសួង ការរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់។
លោក Casey ថ្លែងនូវការកោតសរសើរលើសមិទ្ធផល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចបានលើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ និងភាពជោគជ័យលើការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីល។
លោក Casey បានគូសបញ្ជាក់អំពីការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង និងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)