Register Already an agent ? Login

វឌ្ឍនភាព គម្រោងពង្រីក និងជួសជុលកំណាត់ផ្លូវជាតិលេខ៤ កណ្ដាល-ព្រះសីហនុសម្រេចបាន ១៥% ចំណាយថវិកា ១១០លានដុល្លារ

កណ្ដាល៖ វឌ្ឍនៅភាព គម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ត្រូវបែងចែកជា ៧កញ្ចប់សាងសង់ នៅក្នុងនោះ ៣កញ្ចប់សម្រេចបាន ១៥%ហើយ ដែលបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ចំណាយថវិកា ១១០លានដុល្លារ។ បើតាមការចុះពិត្យរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមុថុនា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម១៩ + ៧០០) និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

គោលបំណងនៃការចុះពិនិត្យនេះធ្វើឡើងដើម្បីធានាឱ្យគុណភាពនៃសំណង់ផ្លូវនេះអនុលោមតាម បទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង។ បើតាមការថ្លែងបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល។

លោក បានថ្លែងបន្តថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានលើគុណភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។

លោក ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋការដឹកជញ្ជូនទំនិញ និងធានាភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។

ការស្ថាបនាពង្រីកផ្លូវនេះ នឹងមានគុណភាពល្អប្រសើរអាចទទួលយកបាន ដោយហេតុថាស្រទាប់គ្រឹះតួផ្លូវនៅចំកណ្ដាលមានគុណភាពល្អស្រាប់ ដោយយើងគ្រាន់តែស្ថាបនាពង្រីកសងខាងផ្លូវ ហើយអ៊ុតបេតុកៅស៊ូ(AC)បន្ថែមតែប៉ុណ្ណោះ។ បើតាមការថ្លែងបន្តទៀតរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ក្រសួងបានធ្វើតេស្តគុណភាពជាច្រើនកន្លែង មានមួយកន្លែងសាងសង់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានស្នើឱ្យក្រុមហ៊ុនធ្វើការពិនិត្យកែតម្រូវឡើងវិញរកនីតិវិធីសាងសង់ឱ្យបានត្រឹមត្រូវដើម្បីធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងបានជំរុញឱ្យក្រុមហ៊ុនបង្កើនល្បឿននៃការស្ថាបនាពង្រីកផ្លូវនេះឱ្យចប់ផែនការដែលបានគ្រោងទុកផងដែរ។

ផ្ដល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន លោក ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា គម្រោងផ្លូវនេះ ចំណាយថវិកាចំនួន ១១០លានដុល្លារ ត្រូវបានបែងចែកចេញជាការងារចំនួន ៧កញ្ចប់ ក្នុងនោះ ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង។

លោក រដ្ឋមន្រ្តី បានថ្លែងបន្តថា ដោយឡែក ២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ក្រុមហ៊ុនកំពុងតែរៀបចំបញ្ជូនគ្រឿងចក្រសម្ភារៈមកសាងសង់ ឯចំណែក ២កញ្ចក់ទៀត ក្រសួងកំពុងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសក្រុមហ៊ុនដែលបានដាក់ដេញថ្លៃសាងសង់ដើម្បីពង្រីកស្ពាន ចំនួន ៤៨កន្លែងឱ្យបាន ១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ៨កន្លែង។

បើតាមសៀវភៅគម្រោងផ្លូវនេះ មានប្រភេទកាងារមានដូចជា៖ ១.ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ម៉ែត្រ និងកន្លែងខ្លះ១១ម៉ែត្រ, ២.ការងារពង្រីកស្ពានបេតុង និងលូចំនួន៤៦ទីតាំង និង៣.ការងារស្ថាបនាស្ពានថ្មីចំនួន ៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍នៅគ្រប់រដូវកាល ឆ្នាំខ្លះកន្លងមកត្រូវទឹកជំនន់ជន់លិច កំណាត់ផ្លូវជាតិលេខ៤ បង្កការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ៕

ដោយ៖ មឿន ​ឌីណា (Moeun Dyna)