Register Already an agent ? Login

ខេត្តកំពង់ធំ ទទួលបានជ័យលាភី ODF មានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧៤ ៧៦០ខ្នងផ្ទះ ស្មើនឹង ១០០%

កំពង់ធំ៖ ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧៤ ៧៦០ខ្នងផ្ទះ ស្មើនឹង ១០០% ភូមិសរុបទាំងអស់ ៧៨៣ភូមិ មាន៥៤៧ភូមិ ជាភូមិ ODF និង ២៣៦ភូមិ ជាភូមិ ODF Plus។

ក្នុងខេត្តកំពង់ធំ មានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧៤ ៧៦០ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះ មានខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ១៦២ ៨៧២ខ្នងផ្ទះ ស្មើនឹង ៩៣,២០% និងខ្នងផ្ទះប្រើបង្គន់រួម ចំនូន ១១ ៨៨៨ខ្នងផ្ទះ ស្មើនឹង៦,៨០%។ បើតាមការថ្លែង លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តកំពង់ធំ ទទួលបានជ័យលាភី ODF។

ពីធីខាងបានប្រព្រឹត្តទៅនៅលើថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន បានថ្លែងបន្តថា ក្នុងខេត្តកំពង់ធំ មានក្រុង ស្រុក សរុប ទាំង៩ ទទួលបាន ODF ១០០%, ឃុំ-សង្កាត់ចំនួន៨១ មាន ៧៥ ឃុំ-សង្កាត់ទទួលបាន ODF និង មានឃុំ-សង្កាត់ ចំនួន៦ ទទួលបាន ODF Plus និងភូមិសរុបទាំងអស់ ៧៨៣ភូមិ មាន៥៤៧ភូមិ ជាភូមិ ODF និង ២៣៦ភូមិ ជាភូមិ ODF Plus ។

អភិបាលខេត្ត ក៏បានលើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តកំពង់ធំ លើវិស័យអភិវឌ្ឍន៍ជនបទ ដូចជា ការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម ការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពីធីនេះ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកំពង់ធំសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។

លោករដ្ឋមន្រ្តី បានថ្លែងបន្តថា ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះ អត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។ ជាការថ្លែងបន្តទៀត លោករដ្ឋមន្រ្តី។

សូមរម្លឹកផងដែរថា គិតត្រឹមថ្ងៃពិធីនេះ មានរាជធានី-ខេត្តចំនួន ១៥ហើយ ដែលសម្រេចបានជារាជធានី ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ  តាកែវ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ដែលជាខេត្តទី១៥៕

ដោយ៖ មឿន ឌីណា (Moeun Dyna)