Register Already an agent ? Login

ក្រុមហ៊ុនរ៉ែមកប៉េកាំង មានបំណងពង្រីកការវិនិយោគមកកម្ពុជា និងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស

ភ្នំពេញ៖ ក្រុមហ៊ុន Beijing Endi (Group) Co., Ltd. ដែលវិនិយោគក្នុងវិស័យរ៉ែ មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យនេះ និងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មករនិយោជិតកម្ពុជាក្នុងវិស័យរ៉ែផងដែរ។

ខាងលើជាការឡើង លោក Tang Changzhong ប្រធានក្រុមហ៊ុន  Beijing Endi ជាជំនួបជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ និងបានធ្វើការកត់សម្គាល់អំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់បំផុត។

អគ្គលេខាធិការ ក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង និងបានលើកឡើងពីរំហូរគម្រោងវិនិយោគផ្ទាល់ពីចិនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង។

ក្នុងជំនួបខាងលើនេះ លោក Tang Changzhong បានសម្តែងនូវការអរគុណដល់ អគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូក្រុមហ៊ុន និងបានជម្រាបជូនថា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ ហើយក៏បានមានការគិតគូរពីការបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់កម្មករនិយោជិតកម្ពុជាក្នុងវិស័យរ៉ែផងដែរ។

លោក ជា វុទ្ធី បានស្វាគមន៍គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនមកកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានគិតដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរ៉ែ។

យ៉ាងណាមិញ លោក បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងមានសមត្ថកិច្ចក្នុងវិស័យរ៉ែជាមុនសិន។

លោក បានគូសបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំសម្របសម្រួល និងទទួលសំណើសុំចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនដោយក្តីរីករាយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)