ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារ។
កិច្ចប្រជុំខាងលើ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាម កិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី១ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាម៉េរិក, អាចបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង។
គម្រោងវិនិយោគចំនួន ១៧គម្រោង មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ)។
ក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង ក្នុងងនោះ បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់។
ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌ ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)