កោះកុង៖ តាមការស្នើសុំរបស់ក្រុមហ៊ុនឯកជន ក្រសួងបរិស្ថាន បានអនុញ្ញាតវិនិយោគលើផ្ទៃដីទំហំ ១៨៤៣ហិកតា ស្ថិតនៅភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង អភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ។ បើតាមការចុះពិនិត្យជាក់ស្ដែង និងបានបើកកិច្ចប្រជុំសម្រេចតាមការស្នើសុំ ដែលនាំដោយ ខនឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
តាមការចុះពិនិត្យជាក់ស្ដែង និងប្រជុំពិភាក្សាលើករណីស្នើសុំវិនិយោគ ដោយមានការចូលរួមពី លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ហើយនិងមានការចូលរួមពីក្រុមការងារក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។
បើតាមរដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា ការចុះពិនិត្យដល់ទីតាំងស្នើសូមជាក់ស្ដែង
១-ទីតាំងស្នើសូមខាងលើ ស្ថិតក្នុងវិសាលភាព រួមមាន៖ ផ្នែកខ្លះស្ថិតនៅដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃតាតៃ ក្នុងនោះផ្ទៃដីទំហំ ១,០២១ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងផ្ទៃដីទំហំ ៧៨៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ។ ២-ទីតាំងនេះ ភាគច្រើន ជាប្រភេទកោះ ស្ថិតនៅខ្សែទឹកខាងក្រោម នៃព្រែកតាតៃ ភាគច្រើនជាប្រភេទព្រៃកោងកាង និងព្រៃស្មាច់ជារួមទីប្រសព្វរវាងតំបន់ទឹកសាប និងទឹកប្រៃគឺជាជម្រកជីវៈចម្រុះសមុទ្រ និងសំបូរប្រភេទស្មៅសមុទ្រ
៣-នៅតំបន់ស្នើសុំមានការអភិវឌ្ឍខ្សែផ្លូវមួយចំនួនរួចទៅហើយ ហើយអាចភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់
៤-ទីតាំងស្នើសុំនេះ ប៉ះពាល់ផ្ទៃដីទំហំប្រមាណ ៥៩២ហិកតា ជាដីអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ១២៦,៩២៨.៣៩ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន ៨តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក រក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង
៥-ទីតាំងនេះ មានស្ថានភាពសមស្របសម្រាប់រៀបចំឱ្យមានការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារនឹងធម្មជាតិ
រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងទៀតថា លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងាររួមមានដូចខាងក្រោម
១-ជារួម អង្គប្រជុំគាំទ្រឱ្យមានការវិនិយោគ លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ប៉ុន្តែត្រូវគិតគូរឱ្យបានហ្មត់ចត់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះលក្ខខណ្ឌ បទដ្ឋានបច្ចេកទេស
២-ត្រូវដោះស្រាយផលប៉ះពាល់នានា ជាមុនសិន(ប្រសិនបើមាន) ស្របតាមនីតិវិធីច្បាប់ជាធរមាន
៣-អនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យទេសចរណ៍ធម្មជាតិ ត្រឹមតែ ១៥% នៃផ្ទៃដីទំហំសរុប ការរៀបចំត្រូវមានលក្ខណៈមេត្រីភាពជាមួយបរិស្ថាន ដោយត្រូវរៀបចំជាលក្ខណៈ Eco-Lodge នៅចន្លោះដើមឈើ ហាមដាច់ខាតការកាប់ ព្រៃកោងកាង ឬព្រៃលិចទឹក
៤-សិក្សាស្រាវជ្រាវ និងរៀបចំផែនការអភិរក្សធនធានជីវៈចម្រុះ រួមទាំងធនធាន ព្រៃកោងកាង នៅក្នុងទីតាំងវិនិយោគ
៥-រៀបចំគំរូប្រតិបត្តិល្អក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅតាមកោះ និងតំបន់ឆ្នេរសមុទ្រ ដោយមានការគិតគូរឱ្យបានហ្មត់ចត់អំពីភាព «ស្អាត បៃតង និងវៃឆ្លាត» ដើម្បីធានា និរន្តរភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងទំនួលខុសត្រូវសង្គម
៦-អនុវត្តន៍សារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា
៧-ក្រុមហ៊ុនត្រូវបន្តបំពេញបែបបទនីតិវិធីជាមួយក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)