Register Already an agent ? Login

ភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប បានទទួលជ័យលាភី ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន

ភ្នំពេញ៖ រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប បានទទួលនូវជ័យលាភី ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ។

គណៈកម្មការដែលវាយតម្លៃ ទៅលើជ័យលាភីនេះ មាន​ខាងក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែន ​នគរូបនីយកម្ម ​និងសំណង ​សាលារាជធានី ដៃគូអភិវឌ្ឍន៍​នៅទីក្រុងប៉ារីស ​ប្រទេសបារាំង​ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង និង​ភាគីមួយ​ចំនួនទៀត។ បើតាមប្រសាសន៍របស់ លោក ប៉ុក សុគន្ធណារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។

លោក ប៉ុក សុគន្ធណារ៉ា បានមានប្រសាសន៍បន្តឱ្យដឹងថា សម្រាប់ជ័យលាភីលេខ១ ​បានទៅ​លើក្រុងពោធិ៍សាត់ ​អនុវត្តគម្រោងទំនប់​បង្ហៀរទឹកក្បាល​ហុង​ស្ទឹងពោធិ៍សាត់ លេខ២ បានទៅលើស្រុកបន្ទាយស្រី ខេត្តសៀមរាប អនុវត្តគម្រោងផ្ទះមួយ អំពូលភ្លើង១ និងលេខ៣ បានទៅលើសង្កាត់ទឹកល្អក់ទី១ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦។

ចំពោះកម្មវិធីពានរង្វាន់នេះ ត្រូវបានផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដើម្បីឱ្យគ្រប់​បណ្ដារាជធានីខេត្ត ​បានចូលរួមដាក់​គម្រោង​របស់ខ្លួន ​ដែលគិតថា​អនុវត្តបានល្អលើការបម្រើសេវា​ជូន​ពលរដ្ឋ ឬអភិវឌ្ឍន៍​មូលដ្ឋានដោយប្រឡងប្រណាំង ​ហើយត្រូវបានជ្រើសយកគម្រោង​ដែល​អនុវត្ត​បានល្អមកធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ​ហើយក៏បានរកឃើញ​នូវ​ជ័យលាភីទាំង៣នេះ។ បើតាមការបន្ថែមរបស់ លោក ប៉ុក សុគន្ធណារ៉ា។

សមាគម​មានរៀបចំការធ្វើដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរ​បទពិសោធន៍​រវាងខេត្តជាប់ជ័យលាភី ​ទៅដល់បណ្ដាខេត្តផ្សេងៗ​ ដើម្បីដកស្រង់យកបទពិសោធ៍មកអនុវត្ត ទាក់ទង​នឹង​ការអភិវឌ្ឍ​តំបន់ប្រជុំជន​ ជាពិសេសពាក់ព័ន្ធ​នឹងការផ្ដល់សេវាជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងមូលដ្ឋាន។ បើតាមប្រសាសន៍របស់ លោក ម៉ម សារិន ប្រធានសមាគម​ជាតិក្រុមប្រឹក្សារាជធានីខេត្ត និងជាប្រធានក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)