Register Already an agent ? Login

ផ្លូវជាតិលេខ៧១C ប្រវែងសរុបជាង ១០០គីឡូម៉ែត្រ ពីខេត្តត្បូងឃ្មុំ ដល់ខេត្តកំពង់ចាម សម្រេចបានជិត ៤០%

ត្បូងឃ្មុំ៖ វឌ្ឍនភាព គម្រោងស្ថាបនាសាងសង់ ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ប្រវែងសរុប ១១៤.៦២គីឡូម៉ែត្រ សម្រេចបាន ៣៧% គ្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៤ ថវិកាសាងសង់ប្រមាណ ១២៩.៩៨លានដុល្លារ។ បើតាមការចុះពិនិត្យរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ទៅក្រុមអ្នកសារព័ត៌មាន នាពេលចុះពិនិត្យផ្លូវជាតិលេខ៧១C ថា បច្ចេកទេសនៃការសាងសង់ផ្លូវនេះ ក្នុងនោះរួមមាន៖ ការសិក្សាលម្អិតលើស្ថានភាពភូមិសាស្ត្រ ការលើកម្ពស់តួផ្លូវឱ្យផុតពីទឹកនៅរដូវវស្សាពេលមានទឹកជំនន់ធំ ការសាងសង់ស្ពានបើកមុខទឹកប្រវែង ៤០០ម៉ែត្រ ការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ នៅទីប្រជុំជនមានការជីកប្រឡាយទឹក និងដាក់លូបង្ហូរទឹកដើម្បីជាមូលដ្ឋានជាក់ស្ដែងក្នុងការធានាឱ្យគុណភាពផ្លូវមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង។

លោក រដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូអង្វែង។

បន្ថែមពីលើនេះ លោក ស៊ុន ចាន់ថុល បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសាងសង់យកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំ ដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ។

ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនដឹកជញ្ជូន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច។ លោក ស៊ុន ចាន់ថុល បានលើកឡើងនូវរូបមន្តដូចគឺ បើមានឡានដឹកលើសទម្ងន់ ៣០តោន គេយក ៣០គុណនឹង៣០ ស្មើនឹង៩០០ យក៩០០ គុណនឹង៣០ ស្មើនឹង២៧ ០០០ យក២៧ ០០០ គុណនឹង៣០ ស្មើនឹង ៨១ ០០០០ ដូច្នេះឡានមួយគ្រឿងដឹកទំនិញលើស ៣០តោន វាស្មើនឹង ឡាន ៨១ ០០០០គ្រឿងបើកលើផ្លូវ។

គូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប ១១៤.៦២គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

គម្រោងសាងសង់ផ្លូវនេះរួមមាន៖ ផ្លូវមេប្រវែង ៩២.៤៤៦គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់ ២កន្លែង (U-Turn) ផ្លូវតភ្ជាប់មានប្រវែង ១៥.៨២១គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន ៩ខ្សែ ប្រវែង ៦.៣៥៣គីឡូម៉ែត្រ ទទឹងតួផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST)។

ជាមួយគ្នានេះ មានស្ពានចំនួន ១៣កន្លែងប្រវែង ៨៧៥មែត្រ ផ្លូវបំបែកតំបែរប្រវែង ១៥.៨០គីឡូម៉ែត្រ ផ្លូវខ្នែងមានប្រវែង៦.៣០គីឡូម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ២០២កន្លែង ដែលនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ គ្រោង បញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៤។ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ ប្រមាណ ១២៩.៩៨លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)