Register Already an agent ? Login

សម្ដេចតេជោ បង្កដីជាង ១ពាន់ហិកតា ធ្វើជាតំបន់សេដ្ឋកិច្ចសេស ក្នុងខេត្តត្បូងឃ្មុំជិតព្រំដែនប្រទេសវៀតណាម

ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាបង្កដីនៅតំបន់ X16 ចំនួន ១១៧៦ហិកតា​ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កើតជាតំបន់សេដ្ឋកិច្ចពិសេសលក្ខណៈទ្រង់ទ្រាយធំ ដែលជាប់មួយនឹងព្រំដែនប្រទេសវៀតណាម។

ការថ្លែងខាងលើ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញជាអធិបតី ក្នុងខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16  ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនោះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានប្រាប់ទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពង្រីកផ្លូវបន្ថែមទៀត ដោយពង្រីកផ្លូវថ្នល់ឱ្យមានទំហំធំដូចផ្លូវជាតិលេខ៧ផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ ខ្ញុំបានចេញសេចក្តីសម្រេចតាមការស្នើរបស់ លោក ស សុខា និងលោក ជា សុផារ៉ា ដោយឱ្យបង្កកដីនៅទីនេះចំនួន ១១៧៦ហិកតា ដើម្បីត្រៀមបម្រុងទុកសម្រាប់បង្កើតជាតំបន់ពិសេស ឬតំបន់រោងចក្រ។ សម្ដេច បានគូសបញ្ជាក់ថា «តំបន់ខាងលើនេះនឹងក្លាយជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ល្អ»។

ខ្ញុំជឿជាក់ថា នាពេលអនាគតឆាប់ៗនេះ តំបន់ខាងលើនេះនឹងក្លាយជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ធំមួយ ដែលអនុញ្ញាតិឱ្យបងប្អូនប្រជាពលរដ្ឋនៅទីនេះ​ ជាពិសេសជាអ្នកផលិតអាចនាំទំនិញចេញទៅកាន់កំពង់ផែ គីយឺត និងកំពង់ផែហូជីមិញ​បាន។ បើតាមប្រសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន បានបន្ថែមថា ដើម្បីលើកកម្ពស់សក្តានុពលតំបន់ខាងលើនេះ ខ្ញុំបានបញ្ជាឱ្យ លោក ស៊ុន ចាន់ថុល រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យបានធំទូលាយ ដូចផ្លូវជាតិលេខ៧ដែរ ហើយតភ្ជាប់ផ្ទាល់ទៅកាន់ព្រំដែនវៀតណាម។

គូសបញ្ជាក់ថា កម្ពុជារំពឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នឹងកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២២នេះ ខណៈ តួលេខ៥ខែដំបូងដើមឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំជាង ៥ពាន់លានដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)