Register Already an agent ? Login

៥ខែឆ្នាំ២០២២ កម្ពុជាទទួលបានគម្រោងវិនិយោគ ៧២គម្រោង ទុនវិនិយោគសរុប ២,៦០០លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាទទួលបានគម្រោងវិនិយោគ ៧២គម្រោង ទុនវិនិយោគសរុប ២,៦០០លានដុល្លារ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីជាស្ថាពរឱ្យវិនិយោគនៅរាធានី និងខេត្តមួយចំនួន ដែលមានសក្ដានុពល។ បើតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នៅក្នុងរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគទាំង៧២ ភាគច្រើនផ្តោតលើ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ គម្រោងផលិតសំបកកង់យានយន្ត រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

ការទទួលបានគម្រោងវិនិយោគទាំងនេះ បង្ហាញពីសញ្ញាមួយដ៏ល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រោមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកដំណើរការលើគ្រប់វិស័យឡើងវិញ ក្រោយចាក់វ៉ាក់សាំងដោយជោគជ័យ។ បើតាមការបន្តរបស់ CDC បន្តទៀតថា នៅឆ្នាំ២០២២ ក៏ដូចជាឆ្នាំក្រោយៗទៀត ស្ថាប័នអន្តរជាតិសុទ្ធតែវាយតម្លៃពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ខណៈ កម្ពុជាបានធូរស្រាល និងអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដបានដោយជោគជ័យ។

បើតាម CDC បានបន្ថែមថា គម្រោងវិនិយោគនៅកម្ពុជា នឹងនៅតែបន្ដមានការកើនឡើង ចាប់ពីពេលនេះ រហូតដល់ឆ្នាំក្រោយៗ ដោយសារតែកម្ពុជា មានការអនុវត្តកិច្ចព្រមព្រៀង សេរីពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (RCEP) លើសពីនោះទៀត កម្ពុជា នៅតែមាន EBA ក៏ដូចជា GSP ជាមួយសហគមន៍អឺរ៉ុប, អាមេរិក និងអង់គ្លេស។

CDC បានបន្ថែមទៀតថា ៥ខែឆ្នាំ២០២២ រាជធានីភ្នំពេញ បានទទួលគម្រោងវិនិយោគចំនួន ២៥គម្រោង ដែលមានទុនវិនិយោគសរុប ២៧១លានដុល្លារ។ នៅរាជធានីភ្នំពេញ គម្រោងធំៗរួមមាន សាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងសាងសង់អគារមន្ទីរពេទ្យពហុព្យាបាល ដែលស្ថិតនៅខណ្ឌបឹងកេងកង និងខណ្ឌ៧មករា។

ជាមួយគ្នាក៏មាន គម្រោងវិនិយោគផ្សេងទៀតមានដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។ បើតាមរបាយការណ៍ដដែល៕

ដោយ៖​ មឿន ឌីណា (Moeun Dyna)