Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៦ ទុនវិនិយោគសរុបជិត ៨០លានដុល្លារ បង្កើតរោងចក្រនៅ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៦ ដែលមានទុនវិនិយោគសរុប ៧៩.៩លានដុល្លារ បានទទួលការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្រុមហ៊ុនទាំង៦នេះ មានទីតាំងនៅភ្នំពេញ ខេត្តណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។

សេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែមិនថុនា ឆ្នាំ២០២២ បានឱ្យដឹងថាក្រុមហ៊ុនទាំង៦ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរួមមានដូចខាងក្រោម៖

១.ក្រុមហ៊ុន K FINE (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារA ផ្លូវពៅរតនា ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២២០កន្លែង។

២.ក្រុមហ៊ុន ECKL PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣៤កន្លែង។

៣.ក្រុមហ៊ុន BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

៤.ក្រុមហ៊ុន GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៦A និង៦B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥.៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៥.ក្រុមហ៊ុន GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។

៦.ក្រុមហ៊ុន KONDA FURNITURE CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)